កំពង់ធំ៖នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣, លោក ងួន រាសី អភិបាលលរងខេត្តកំពង់ធំ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ចុះពិនិត្យស្ថានភាពទឹក នៅតំបន់អូរផ្អាវ និងតំបន់ស្រែព្រីង។ ក្នុងប្រតិបត្តិការនេះដែរ លោក ណឹម ចាន់ថា ប្រធានមន្ទីរឧស្សាហ៍កម្មរ៉ែ និងថាមពលខេត្តកំពង់ធំ បញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋរស់នៅតំបន់ស្រែព្រីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ រាយការណ៍ថា ទឹកអូរនៅតំបន់ស្នងអន និងតំបន់ស្រែព្រីង មានសភាពល្អកខុសធម្មតា ដែលធ្វើឲ្យពួកគាត់ព្រួយបារម្ភ មិនហ៊ានប្រើប្រាស់ ដោយខ្លាចមានសារធាតុគីមី ហូរចេញពីក្រុមហ៊ុនអាជីវកម្មរ៉ែ មាសនៅតំបន់ភ្នំជី។
ក្រោយពីទទួលបានដំណឹងនេះ អាជ្ញាធរខេត្តកំពង់ធំ រួមជាមួយមន្ទីរជំនាញពាក់ព័ន្ធ បានចុះទៅពិនិត្យជាក់ស្តែង ជាលទ្ធផលឃើញថា បញ្ហាដែលធ្វើឲ្យទឹកអូរនៅតំបន់ផ្នែកខាងក្រោម ព្រោះប៉ុន្មាន ថ្ងៃមុននេះ ភ្លៀងធ្លាក់ខ្លាំងជួនពេលដែលក្រុមជីកប្រឡាយក្រវ៉ាត់សម្រាប់ស្តុកយកទឹកប្រើប្រាស់នៅរដូវប្រាំង ជីកមិនទាន់រួចរាល់ ភ្លៀងធ្លាក់ខ្លាំងប៉ះលើដីដែលជីកថ្មីហូរនាំទៅតាមទឹកចូលក្នុងអូរផ្នែកទំនាប ធ្វើឲ្យទឹកនេះ ល្អក់ដោយមានលំអងដីនៅជាមួយ។
លោកបញ្ជាក់ថា ទឹកនេះមិនមានធាតុណាមួយធ្វើ ឲ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកក្នុងតំបន់នោះទេ ហើយបច្ចុប្បន្ន ទឹកចាប់ផ្តើមថ្លាឡើងវិញហើយ ចំពោះអាចម៍ដីដែលហូរទៅតាមទឹកភ្លៀង ក៏ភាគីខាងក្រុមហ៊ុនបានទប់ស្កាត់រួចរាល់ មិនធ្វើឲ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋទៀតដែរ។
បើទោះបីជាយ៉ាងនេះក្តី លោកប្រធានមន្ទីរឧស្សាហកម្មរ៉ែ និងថាមពលរខេត្តកំពង់ធំ នៅតែបន្តតាមដាន និងពិនិត្យ ដើម្បីធានាបានថា ទឹកនៅតំបន់នោះមានសុវត្ថិភាពដល់សុខភាពប្រជាពលរដ្ឋ ប្រើប្រាស់ប្រចាំថ្ងៃ។ លោក អគុណដល់ប្រជាពលរដ្ឋរាយការណ៍មកកាន់អាជ្ញាធរ និងបន្តសហការជាមួយប្រជាពលរដ្ឋបន្តទៀត៕