ស្ពានបេតុងតម្លៃជាង១លានដុល្លារនៅស្រុកជ័យសែន ខេត្តព្រះវិហារ អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព្រះវិហារ៖ ស្ពានកំពង់ពុទ្រា ស្ថិតក្នុងឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ មានប្រវែង១៤៤ម៉ែត្រ ទទឹង១១ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្ដម ទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ដោយមានការចូលរួមពី ឯកឧត្ដម ឧត្តមសេនីយ៍ឯក គង់ អៀង អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងអាជ្ញាធរខេត្តព្រះវិហារ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ ស្រុកជ័យសែន និងស្រុករវៀងជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ។

នៅក្នុងឱកាសនោះ ឯកឧត្ដម ទេសរដ្ឋមន្ត្រី មាស សុភា បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋដែលមានវត្តមានក្នុងពិធីនេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារផងដែរ។

ឯកឧត្ដម មាស សុភា បានថ្លែងថា ស្ពានបេតុងដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ ជាសមិទ្ធិផលថ្មីមួយក្នុងចំណោមសមិទ្ធិផលជាច្រើនទៀតដែលកើតឡើងនៅលើទឹកដីខេត្តព្រះវិហាររបស់យើង ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន។ ស្ពាននេះបានបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសពីសំណាក់សម្តេចតេជោ ហ៊ុន សែន លើសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្ពាននេះជំនួសឱ្យស្ពានចាស់ ទ្រុឌទ្រោម ដែលបន្សល់ទុកតាំងពីសម័យអាណានិគមនិយមបារាំងមកម្លេះ។

ក្នុងឱកាសដ៏សប្បាយរីករាយនេះ ជំនួសមុខឱ្យប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ ឯកឧត្ដម ទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានសម្រេចឱ្យសាងសង់ស្ពាន នេះឡើង និងសូមអរគុណដល់ក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធ ដូចជាក្រសួងការពារជាតិដែលបានផ្តល់កម្លាំងវិស្វកម្ម ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុដែលបានអនុម័ត្រកញ្ចប់ថវិកា ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានផ្តល់ការត្រួតពិនិត្យ និងបច្ចេកទេស ក៏ដូចជាកងវិស្វកម្ម១៨១ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងខេត្តព្រះវិហារ។

ឯកឧត្ដម មាស សុភា បានថ្លែងអំពាវនាវប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាស្ពាននេះប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយបញ្ឈប់ការដឹកជញ្ជូនទំនិញលើសទម្ងន់ឆ្លងកាត់ស្ពាននេះ ឯកឧត្ដម ក៏បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *