ខេត្តស្វាយរៀង៖ នៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះឯកឧត្តម ម៉ឹង កុម្ភៈ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកចន្ទ្រា បានអំពាវនាវដល់សមាជិកបក្សទាំងអស់ ត្រូវត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ និងជំរុញបងប្អូន ទៅចូលរួមបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា លេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបន្តបានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងប្រធានគណបក្សប្រជាជនកម្ពុជា។
ការថ្លែងលើកឡើងបែបនេះរបស់លោក ម៉ឺង កុម្ភៈ បានធ្វើឡើង ខណៈដែលឯកឧត្តម តំណាង ឯកឧត្តម ម៉ឺង សំផន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកចន្ទ្រា ចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្ស និងនាំអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
ការចុះជួបសំណេះសំណាលជាមួយសមាជិកបក្ស និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅពេលនេះ ក៏មានការចូលរួមពីលោក ថន ថាវុទ្ធា ប្រធានគណបក្សស្រុក និងក្រុមការងារជាច្រើននាក់ផងដែរ។
ឯកឧត្តមបានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេរតែងតែនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាពលរដ្ឋនៅស្រុកចន្ទ្រាទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលមានការខ្វះខាត សម្តេចទាំងទ្វេ តែងតែចាត់ឲ្យក្រុមការងារចុះមកសួរសុខទុក្ខ និងនាំអំណោយចែកជូនផងដែរ។
បន្ថែមលើសពីនេះ ឯកឧត្តម ម៉ឹង កុម្ភៈ ក៏បានជំរុញឲ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបន្តចូលរួមដោះស្រាយសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរបន្ថែមទៀតទាំងសេវា សំណូមពរ និងតំរូវការ ហើយការសំណូមពរដែលមានភាពចាំបាច់នៅមូលដ្ឋានត្រូវដោះស្រាយឲ្យបានទាន់ពេលវេលា ព្រមទាំងត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាន ឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត។
នៅក្នុងឱកាសនោះឯកឧត្តមក៏បានលើកយកចំណុចសំខាន់ៗមួយចំនួនដូចជា សាលារៀន ប្រឡាយរំដោះទឹក គំនូសផ្លូវ។ល។ ដែលប្រជាពលរដ្ឋនៅមូលដ្ឋានធ្វើការសំណូមពរឲ្យអាជ្ញាធរក៏ដូចជាស្ថាប័នពាក់ព័ន្ធជួយដោះស្រាយ ហើយរាល់ការសំណូមពរដែលចាំបាច់ក្រុមការងារ ក៏បានជំរុញឲ្យអាជ្ញាធរ និងមន្ទីរដែលពាក់ព័ន្ធ ខិតខំរកដំណោះស្រាយឲ្យបានឆាប់រហ័សជូនពលរដ្ឋផងដែរ។
សូមបញ្ជាក់ថា អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែល ឯកឧត្ដម មុឹង កុម្ភៈ បាននាំយកទៅប្រគល់ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅឃុំសំរោង ដោយក្នុង១គ្រួសារទទួលបានអង្ករ ៥០ គីឡូក្រាម ត្រីខ១យួរ មីម៉ាម៉ា១កេស ទឹកសុទ្ធ១កេស ទឹកក្រូច១កេស ក្រមា១ នំការ១ប្រអប់ នំតាយលាវ១កញ្ចប់ និងថវិកា៤០០០០រៀលផងដែរ៕