ជំនឿទំនៀមទម្លាប់នៅក្នុងរមណីយដ្ឋានប្រវត្តិសាស្រ្តប្រាសាទ កោះកេរ

ព្រះវិហារៈ រមណីយដ្ឋានប្រវត្តិសាស្ត្រកោះកេរធ្លាប់ជាអតីតរាជធានីនៃអាណាចក្រខ្មែរនៅដើមសតវត្សទី១០ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ (៩២៨-៩៤១)។ មកដល់សព្វថ្ងៃរមណីយដ្ឋានប្រវត្តិសាស្ត្រនេះបន្សល់នូវសំណង់សាសនា ប្រព័ន្ធផ្លូវបុរាណ និងសំណង់ធារាសាស្ត្របុរាណជាច្រើនក្នុងទំហំដីប្រហែល ៨១គីឡូម៉ែត្រក្រឡា។ សំណង់សាសនាដែលធំ និងគួរឲ្យចាប់ចិត្តទស្សនាជាងគេគឺប្រាសាទធំ ដែលមានសណ្ឋានដូចសាជី មាន៧ថ្នាក់ និងកំពស់ប្រហែល ៣៥ម៉ែត្រ។ នៅខាងក្រោយប្រាសាទធំ គេឃើញមានកូនភ្នំដែលសាងសង់ដោយដៃមនុស្ស ដែលអ្នកស្រុកជិតឆ្ងាយមានជំនឿថាជាផ្នូរស្តេចដំរីសក្នុងរឿងព្រេងនាងទន់សាត្រា ដែលក្នុងរឿងព្រេងនោះបានដំណាលតៗគ្នាថា នាងទន់សាត្រាមានកំណើតកើតចេញពីការផឹកទឹកនោមស្តេចដំរីស ហើយស្តេចដំរីសបានសាងសង់ប្រាសាទប្រាង្គឲ្យនាងទន់សាត្រារស់នៅ។ ក្រោយស្តេចដំរីសបានស្លាប់ នាងទន់សាត្រាបានកប់សពឪពុកនៅខាងក្រោយប្រាសាទប្រាង្គនោះ (សូមបញ្ជាក់ថារឿងព្រេងនេះបានសាយភាយទៅដល់ប្រទេសថៃ និងឡាវដែរ)។ សព្វថ្ងៃនៅជាប់នឹងជើងភ្នំ គេឃើញមាន រូបសំណាក់ដំរីតូចធំដាក់នៅទីនោះដើម្បីគោរពបូជា។ ជាទម្លាប់រៀងរាល់ខែមាឃធំ អ្នកភូមិកោះកេរ តែងតែប្រមូលផ្តុំជុំគ្នាធ្វើពិធីឡើងអ្នកតា និងពិធីលៀងអារក្សនៅក្បែរជើងកូនភ្នំនោះ។ ហើយជារឿយៗ គេសង្កេតឃើញមានអ្នកមកពីខេត្តផ្សេងៗ តែងតែមកបន់ស្រន់នៅផ្នូរស្តេចដំរីសនេះ ដើម្បីសុំសេចក្តីសុខមិនដែលដាច់។ អ្នកខ្លះរៀបដង្វាយតូច អ្នកខ្លះរៀបដង្វាយធំតាមបំណន់របស់ពួកគេ។ ដង្វាយដែលសំខាន់ជាងគេ គេច្រើននាំយកមកថ្វាយស្តេចដំរីសគឺដើមអំពៅ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *