ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលដោយឥតគិតថ្លៃ នៅក្នុងខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ កាលពីថ្ងៃទី៤មិថុនា២០២៣ ប្រជាពលរដ្ឋប្រមាណ ៦០០នាក់ ទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី ដែលប្រជាពលរដ្ឋទាំងអស់ មកពី ៤ឃុំ គឺ ឃុំព្រះឃ្លាំង នៅក្នុងស្រុកត្បែងមានជ័យ ,ឃុំរក្សា ,ឃុំរមទម និងឃុំរំដោះ នៅក្នុងស្រុករវៀង ។

ពិធីនេះបានធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យព្រះឃ្លាំង ស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងថា ក្នុងនាម ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ខេត្ត និងក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកត្បែងមានជ័យ និងស្រុករវៀង បានចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

លោក គួង ឡូ បានបន្តទៀតថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី មានចំនួន ១៥០នាក់ នឹងផ្តល់សេវាពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដោយមានសេវាសំខាន់ៗទាំងអស់ចំនួន១១មុខ។

អភិបាលខេត្តព្រះវិហារ ឯកឧត្ដម គីម រឹទ្ធី បានមានប្រសាសន៍ថា សកម្មភាពមនុស្សធម៌នេះអាចប្រព្រឹត្តទៅបាន ក៏ដោយសារប្រទេសជាតិមានស្ថិរភាព និង សុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសជាតិ ឱ្យមានការរីកចម្រើនឥតឈប់ឈរ។លោកអភិបាលខេត្តព្រះវិហារ បានអំពាវនាវឲ្យរួមគ្នាថែរក្សាសុខ សន្តិភាព និងស្ថិរភាពតាមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យបានគង់វង្សនិងអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នានាពេលខាងមុខនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *