ស្ទឹងត្រែង៖សត្វក្រពើត្រីចំនួន២ ៥ក្បាលមានទម្ងន់ចាប់ពី២៥ទៅ៤០គីឡូក្រាម ត្រូវបានផ្នែកនាយកដ្ឋានអភិរក្សជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នាំយកមកពីខេត្តសៀមរាប មកលែងក្នុងបឹងធម្មជាតិមួយហៅថា(បឹងខាំផា ) ដើម្បីឱ្យវារស់នៅបន្តពូជបែបធម្មជាតិ និងមានបរិមាណកើនឡើងបន្ថែម ព្រោះវាជាពពួកសត្វក្រពើជិតផុតពូជទៅហើយនោះ ។
ក្នុងពិធីលែងសត្វក្រពើត្រី ទៅក្នុងបឹងធម្មជាតិនៅឃុំព្រែកមាស ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងកន្លងមកថ្មីៗនេះ លោកអ៊ន ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្ស ជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបញ្ចាក់ថា៖ សត្វក្រពើត្រីដែលបាននាំយកមកលែងនេះ មានចំនួន២៥ក្បាលតែការនាំមកមានផ្លូវឆ្ងាយ និងប្រើរយៈពេលយួរ វាបានស្លាប់ចំនួន៣ក្បាល នៅសល់តែ២២ក្បាលប៉ុណ្ណោះបានលែងទៅក្នុងបឹងធម្មជាតិនៅតំបន់អភិរក្សសត្វត្មាត ក្នុងភូមិសាស្ត្រទឹកដីស្រុកសៀមប៉ាង ។
លោកបន្តថា៖ នេះជាលើកទី២ហើយ បន្ទាប់ពីលើកទី១នៅឆ្នាំ២០២២លែងបានចំនួន១៩ក្បាលទៅក្នុងបឹងធម្មជាតិ (បឹងណាវ៉ា) នៅក្នុងតំបន់អភិរក្សសត្វស្លាប់សៀមប៉ាងនេះដែរ ព្រោះនៅពេលវាបន្សាំខ្លួន បន្តពូជ ពងកូន នៅខែវស្សាវាអាចចេញពីបឹងធម្មជាតិនេះ ចូលទៅទន្លេសេកុងប៉ែកខាងលើ និងបានបន្តពូជ ពងកូនសម្បូរបែបឡើងវិញ ។
លោកសុខឃឿន នាយកដែនអភិរក្សសត្វព្រៃសៀមប៉ាង បានគាំទ្រដល់ការអភិរក្សពពួកសត្វជិតផុតពូជនេះ ហើយមន្ត្រីអភិរក្សបានធ្វើរបងព័ទ្ធជុំវិញស្រះក្នុង បឹងខាំផានេះ ដើម្បីរក្សាភាពស្អាប់ស្អាត់ ឱ្យសត្វក្រពើត្រីវារស់នៅស៊ីចំណីដែលយើងផ្តល់ឱ្យ ។
លោកបន្តថា៖ មន្ត្រីប្រចាំការនៅទីនេះនិងមើលថែរសត្វក្រពើត្រីនេះ ហើយការពារមិនឱ្យសត្វគោ ក្របីចុះ ព្រមទាំងដាក់សញ្ញាហាមឃាត់កូនចៅប្រជាពលរដ្ឋ ចុះទឹករកត្រី ឬបោះបោចបន្លែបង្ការនៅក្នុងស្រះទឹកនេះទេ ព្រោះវាមានជម្រៅជ្រៅខ្លាចមានគ្រោះថ្នាក់ ទោះបីថាក្រពើត្រីនេះវាមិនខាំមនុស្សក៍ដោយ ។
លោកព្រំ អូដន អភិបាលរងស្រុកសៀមប៉ាងបានបញ្ចាក់ថា ៖ទោះជាយ៉ាងនេះក៍ដោយ ក្នុងពិធីលែងសត្វក្រពើត្រីនេះ អាជ្ញាធរមូលដ្ឋានបាននិមន្តព្រះសង្ឃ អាជ្ញាធរ អ្នកពាន់ព័ទ្ធនិងប្រជាពលរដ្ឋចូលរួមទទួលយកព័ត៌មានទាំងនេះទៅផ្សព្វផ្សាយបន្ត ដើម្បីបានរួមគ្នាអភិរក្សពពួកសត្វទាំងនេះឱ្យនៅគង់វង់ ហើយបានលើកកម្ពស់ការប្រុងប្រយ័ត្ន និងការពារសុវត្ថិភាពផង។
សូមបញ្ជាក់ថា៖ក្រពើត្រីនេះជាពពួកសត្វជិតផុតពូជ ត្រូវបានមន្ត្រីនាយកដ្ឋានជលផល សហការជាមួយក្រុមហ៊ុនរ៉ាយហ្សីងហ្វីនិក រួមនិងអាជ្ញាធរមូលដ្ឋាន ធ្វើពិធីលែងសរុបបានចំនួន ៤១ក្បាលហើយ ក្នុងនោះ លើកទីមួយចំនួន១៩ក្បាល និងលើកទី២នេះ មានចំនួន២២ក្បាល ទៅក្នុងបឹងណាវ៉ា និងបឹងខាំផា ស្ថិននៅក្នុងភូមិសាស្ត្រ ដែនជម្រកសត្វព្រៃសៀមប៉ាង ក្នុងឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង៕