ភ្នំពេញ៖ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងលោកជំទាវព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសារប្រកាសគាំទ្រចំពោះការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការបដិសេធចោលបណ្តឹងតវ៉ារបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ និងបានអះអាងថា ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺបង្ហាញអំពីភាពត្រឹមត្រូវនៃការអនុវត្តច្បាប់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់សំខាន់ចំនួនពីរគឺ៖ (ទី១)-គោលការណ៍នៃការបកស្រាយច្បាប់ ដោយម៉ឺងម៉ាត់ដែលជាមូលដ្ឋានគ្រឹះនៃការអនុវត្តឱ្យបានត្រឹមត្រូវ (ច្បាប់ គឺជាច្បាប់ ហើយច្បាប់ ត្រូវតែអនុវត្តដោយម៉ឺងម៉ាត់) និង(ទី២)-គោលការណ៍ស្មើភាពគ្នារវាងគ្រប់គណបក្សនយោបាយ និងគណបក្សនយោបាយចំពោះមុខច្បាប់។ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បង្ហាញយ៉ាងច្បាស់ដែរថា ដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ត្រូវដើរទន្ទឹមគ្នានឹងនីតិរដ្ឋ ដែលជាគ្រឹះសម្រាប់ធានាដល់ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម របស់ប្រទេសជាតិសម្រាប់រយៈពេលយូរអង្វែង។
នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចបដិសេធចោលបណ្តឹងរបស់បក្សភ្លើងទៀន និងបក្សមហាសាមគ្គីជាតិខ្មែរ ជុំវិញការមិនចុះបញ្ជីឈ្មោះចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រពីសំណាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ការសម្រេចនេះបានធ្វើឡើងក្រោយបើកកិច្ចប្រជុំ ដឹកនាំដោយលោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ថា បន្ទាប់ពីប្រជុំពិភាក្សា ក្រុមប្រឹក្សាធម្មនុញ្ញចាត់ទុកបណ្តឹងទាំងពីរនេះ ត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់។សូមជម្រាបថា ថ្មីៗនេះ គ.ជ.ប បានចេញសេចក្តីសម្រេច បដិសេធការចុះបញ្ជីឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សមហាសាមគ្គីជាតិខ្មែរ និងគណបក្សភ្លើងទៀន ក្រោមហេតុផលគណបក្សទាំងពីរនេះ មិនបានបំពេញឱ្យគ្រប់លក្ខខណ្ឌតម្រូវ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ដោយឡែកគណបក្សនយោបាយចំនួន១៨ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីរបស់គណបក្សនយោបាយ សម្រាប់ការជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ បន្ទាប់ពីគណបក្សទាំងនោះបំពេញគ្រប់លក្ខខណ្ឌ នៃច្បាប់បោះឆ្នោត៕