កណ្តាល ៖ បុរសម្នាក់ទិញថ្នាំញៀនម្តងៗចំនួន១គីឡូក្រាម តម្លៃ៧៤០០ដុល្លារ យកមករំលែកលក់បន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចោទពីបទ«ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន» នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២និង៣០នាទី នៅចំណុចផ្ទះជួល ភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ សុង វ៉េងសេង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតនៅភូមិ ព្រែកតាទន់ឃុំ ព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (ឃាត់ខ្លួន) ។
វត្ថុតាងដកហូតរួមមាន ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ២០ កញ្ចប់ក្នុងនោះមធ្យម ១៣កញ្ចប់ ធំចំនួន០៧កញ្ចប់ ,២-ទូរសព្ទដៃម៉ាក សាមសុង ចំនួន ០១គ្រឿងនិង៣-ជញ្ចីងសំរាប់ថ្លឹងគ្រឿងញៀនចំនួនមួយ។
សមត្ថកិច្ចបន្តថា ដំបូងកម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀនស្រុកនិងកម្លាំងប៉ុស្តិព្រែកអញ្ចាញ បានទទួលទទួលព័ត័មានពីប្រជាពលរដ្ផល្អថា«មានករណីជួញដូរគ្រឿងញៀន» ពេលនោះកម្លាំងនគរបាលបានចុះដល់កន្លែងកើតហេតុឃើញជនសង្ស័យហើយឃាត់សួរនាំនិងឆែករកឃើញម្សៅក្រាមពណ៌សថ្លាដែលសង្ស័យជាសារធាតុញៀនចំនួន២០កញ្ចប់ ក្នុងនោះធំ០៧កញ្ចប់ និងមធ្យមចំនួន១៣កញ្ចប់។
នៅចំពោះមុខសមត្ថកិច្ច, ជនសង្ស័យបានសារភាពថា «ថ្នាំញៀននេះពិតជារបស់ខ្លួនដែលបានទិញពីជនមិនស្គាល់ឈ្មោះនៅភ្នំពេញ ម្ដង១គីឡូក្រាម ក្នុងតម្លៃ ៧៤០០ ដុល្លារ (ប្រាំពីរពាន់បួនរយដុល្លា)ដើម្បីយកមកចែកចាយបន្ត។
ចំពោះជនសង្ស័យនិងវត្ថុតាងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីបន្តនីតិវិធីតាមច្បាប់៕