ព្រះវិហារ៖ នាព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៣នេះ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ទទួលអំណោយ របស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្ដ ដើម្បីត្រៀមចែកជូនដល់សមាជិកអតីតយុទ្ធជនកម្ពុជាក្នុងខេត្ដដែលជួបការលំបាកនិងជីវភាពខ្វះខាត។
ពិធីទទួលអំណោយនេះធ្វើឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ក្រោមវត្តមានឯកឧត្ដម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ដ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ និងក្រោមកិច្ចស្វាគមន៏យ៉ាងកក់ក្ដៅឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ដព្រះវិហាររួមនិងអនុប្រធានសមាជិកសមាជិការសមាគមជាច្រើនរូបផងដែរ។
ឯកឧត្តម គីម រិទ្ធី ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានមានប្រសាសន៍ អំពីការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តព្រះវិហារ បានរួមគ្នាជាមួយនឹងអាជ្ញាធរ ដែនដីនៅគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់បម្រើ និងដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជននៅខេត្តព្រះវិហារ បានយ៉ាងល្អប្រសើរ។
ជាមួយនោះដែរ អាជ្ញាធរខេត្ត បានរៀបចំបង្កើតឲ្យមានការចងសម្ព័ន្ធមេត្រីភាព រវាងបណ្ដាមន្ទីរ ស្ថាប័នអង្គភាព រដ្ឋបាលក្រុង-ស្រុក ជាមួយបងប្អូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចផងដែរ៕