ជនខិលខូចនៅតែបន្តកាប់ឈើក្នុងដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប យកទៅធ្វើជំនួញយ៉ាងរលូន

ព្រះវិហារ៖ ជនខិលខូចនៅតែបន្តលបលួចចូលទៅកាប់ឈើ នៅក្នុងដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ ហើយកាលពីថ្ងៃទី៨ឧសភា២០២៣កន្លងទៅ ក្រុមការងារឧទ្យានជាតិ ដែលដឹកនាំដោយ បណ្ឌិត សុខ ទូច បានចុះល្បាតមើលជនខិលខូចក្នុងព្រៃឧទ្យាន និងបានប្រទះឃើញជនខិលខូច កំពុងធ្វើសកម្មភាពកាប់ផ្តួល អារ ពុះជ្រៀកឈើ ដើម្បីដឹកយកទៅធ្វើជំនួញ។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានបង្ហោះសារ និងរូបភាពក្នុងបណ្តាញសង្គមថា ពេញមួយថ្ងៃនេះ ក្រុមការងារយើងបានចុះល្បាត ព្រៃឈើក្នុងដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប យើងបានឃាត់សកម្មភាពកាប់ដើមកកោះ និងឈើក្រមជាច្រើនដើម។

លោកបណ្ឌិត សុខ ទូច​ បានបន្តថា យើងបានរឹបអូសសម្ភារៈរបស់ក្រុមដែលមកកាប់ឈើ រួមមាន៖ គោយន្តកន្ត្រៃ ១គ្រឿង និងរណារយន្ត ២គ្រឿង ( ប៉ុន្តែយើងមិនបានឃាត់ជនបង្កទេ ព្រោះហួសដែនសមត្ថកិច្ចរបស់យើង ) ។

លោកបណ្ឌិត បានបញ្ជាក់ថា យើងនឹងបន្តល្បាតជាប្រចាំ ដើម្បីអភិរក្សព្រៃឈើ នៅក្នុងដែនឧទ្យានជាតិ តេជោសែនឫស្សីត្រឹប ព្រោះយើងមិនមែនថាតែមាត់នោះទេគឺថាត្រូវតែធ្វើ ហើយសូមអោយមន្រ្តីអនុវត្តច្បាប់ មេព្រៃ មន្រ្តីអភិរក្សបរិស្ថាន អាជ្ញាធរដែនដី ធ្វើយ់ាងណាចូលរួមសហការការពារអភិរក្សនេះគឺព្រៃឈើជាសម្បត្តិរបស់ជាតិយើងទាំងអស់គ្នា ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *