ព្រះកុរណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្រោមរាជាធិបតីភាពក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ គោឧសភរាជ បរិភោគអាហារ៣មុខ គឺស្រូវ ពោត សណ្ដែក ចំនួន ៩៥ភាគរយ ក្នុងចំណោមអាហារទាំងប្រាំពីរមុខ ដែលត្រូវបានដាក់ឱ្យផ្សងប្រផ្នូល នៅក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល

(កំពង់ធំ)៖ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងគង់ជាព្រះរាជធិបតីភាព ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល បន្ទាប់ពីបានអាក់ខានអស់រយៈពេលជាច្រើនឆ្នាំ ក្នុងកំឡុងពេលកម្ពុជា បានជួបវិបត្តិជំងឺកូវីដ-៩ នោះមក។

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃព្រឹកចន្ទ០៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ នៅក្នុងបរិវេណពហុកីឡដ្ឋានកំពង់ធំ ស្ថិតនៅក្នុងភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ព្រះរាជពិធី ជាព្រះរាជបវេណីខ្មែរនេះ ក៏មានការអញ្ជើញចូលរួមពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាជាតិ ,សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ,សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ,សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃស្ថាប័នព្រឹទ្ធសភា ,រដ្ឋសភា ,រាជរដ្ឋាភិបាលកម្ពុជា ,មន្ត្រីអង្គទូតនៃបណ្ដា ប្រទេសជាមិត្តប្រចាំនៅកម្ពុជា និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ ផងដែរ។

ការប្រារព្ធព្រះរាជពិធី «ច្រត់ព្រះនង្គ័ល» ជាការប្រកាសប្រាប់ប្រជាពលរដ្ឋ ដែលប្រកបរបរកសិកម្ម ធ្វើស្រែចម្ការថា ជាការចាប់ផ្តើមចូលដល់រដូវវស្សាហើយក្នុងព្រះរាជពិធី បុណ្យច្រត់ព្រះនង្គ័ល​នៅឆ្នាំនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ត្រូវបានព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ ​ររាជានុញ្ញាតិឱ្យធ្វើជាស្តេចមាឃ កាន់នង្គ័ល ទី២តំណាងព្រះអង្គ និងភរិយាជាព្រះមេហួ។ ហើយនៅក្នុងព្រះរាជពិធី ក៏មានការរៀបចំតាំងបង្ហាញ នូវផលិតផលកសិផល មកពី​តាមបណ្តាក្រសួង និងរាជធានី-ខេត្ត ក្រុង/ស្រុកផងដែរ។

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ​ជាព្រះរាជបវេណីដ៏សំខាន់ និងត្រូវបានចាត់ទុក ជា​វប្បមង្គល​មួយដ៏ប្រសើរ ​របស់ប្រជាពលរដ្ឋកម្ពុជា ​ដែលព្រះមហាក្សត្រគ្រប់ព្រះអង្គ តែងតែដឹកនាំធ្វើពុំដែលខាន តាំងពីបុរាណកាលរៀងមក។

ព្រះរាជពិធីនេះកាលពីដើមឡើយ តែងតែប្រារព្ធធ្វើឡើងនៅវាលព្រះមេរុ នៅជិតព្រះបរមរាជវាំង តែប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះរាជពិធីត្រូវព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះរាជានុញ្ញាតិ ឱ្យធ្វើនៅតាមខេត្តវិញម្តង ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរ បានចូលរួមក្នុងព្រះរាជបវេណី ដ៏សំខាន់មួយនេះ។

ក្នុងព្រះរាជពិធីនេះ បានរៀបចំចំណី០៧មុខ រួមមាន៖ ស្រូវ, ពោត, ល្ង, សណ្តែក, ទឹក, ស្រា និងស្មៅ ជាអាហារឱ្យ «គោឧសភរាជ» បរិភោគ ដើម្បីផ្សងពីផលដំណាំ ដែលមានផលល្អ មិនល្អ ឬមានរោគាផ្សេងៗ ទៅលើសត្វពាហនៈរបស់ប្រជាកសិករ។ ព្រាហ្មណ៍ព្រះរាជគ្រូ បានឲ្យដឹងថា គោឧសភរាជ បរិភោគអាហារ៣មុខ គឺស្រូវ ពោត សណ្ដែក ចំនួន ៩៥ភាគរយ ក្នុងចំណោមអាហារទាំងប្រាំពីរមុខ ដែលត្រូវបានដាក់ឲ្យផ្សងប្រផ្នូល នៅក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនេះ។

សូមជម្រាបថា ក្នុងព្រះរាជពិធីបុណ្យទ្វារទសមាសច្រត់ព្រះនង្គ័ល នាថ្ងៃនេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយ ដល់តំណាងប្រជាកសិករ ១០០រូប និងយាងទត ស្តង់ពិព័រណ៍ដែលដាក់តាំងបង្ហាញ អំពីសមិទ្ធផលវិស័យកសិកម្ម នៅទីនោះ ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *