អាវភ្លៀងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានជូនដល់កងកម្លាំងបណ្ដាអង្គភាពទិសទី១ ប្រាសាទព្រះវិហារ

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញចុះចែកអាវភ្លៀង នឹងគ្រឿងឧបភោគ បរិភោគ ដល់កងកងកម្លាំងបណ្ដាអង្គភាពទិសទី១ ប្រាសាទព្រះវិហារ។

ពិធីនេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង តំណាងអង្គភាព ស្ថាប័ន នឹងកងកម្លាំងជាច្រើនរូបទៀត ធ្វើឡើងនៅទី បញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានលើកឡើងអំពីសភាពការណ៍ទូទៅ នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា- ថៃ-ឡាវ ដែលគណៈបញ្ជាការឯកភាពទិសទី១ទទួលខុសត្រូវ រហូតមកដល់ពេលនេះ ហាក់មានសភាពស្ងប់ស្ងាត់ធម្មតា បើទោះបីកន្លងមកធ្លាប់មានសកម្មភាពមិនប្រក្រតីខ្លះៗបានកើតឡើងយ៉ាងណាក្តី តែភាគីទាំងសងខាងបានព្យាយាមរួមគ្នាដោះស្រាយដោយសន្តិវិធី និងបញ្ចៀសបានរាល់សកម្មភាពទាំងឡាយណា ដែលនាំអោយឈានទៅរកការប្រឈមមុខគ្នាដោយអាវុធ។

ជាមួយនេះ បណ្តាអង្គភាពជួរមុខទាំងអស់ បាននឹងកំពុង់អនុវត្តបានយ៉ាងមានប្រសិទ្ធភាពនូវយុទ្ធសាស្ត្រសំខាន់ៗទាក់ទងនឹងបញ្ហាព្រំដែន ដោយអនុវត្តចក្ខុវិស័យប្រែក្លាយអតីតតំបន់ប្រយុទ្ធមកជាតំបន់អភិវឌ្ឍន៍ នឹងកសាងខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង ឱ្យទៅជាខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និង មានការអភិវឌ្ឍលើគ្រប់វិស័យ។

នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកនូវការសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសម្តេចទាំងទ្វេ និងថ្លែងអំណរគុណ ព្រមទាំងកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលឈរជើង នៅតាមបន្ទាត់ព្រំដែន ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនជូនជាតិមាតុភូមិ ដោយបង្ហាញនូវភាពម៉ឺងម៉ាត់ក្នុងការថែរក្សា សន្តិសុខ សន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី ហើយបានបន្តចូលរួមយ៉ាងសកម្ម ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ នៅក្នុងស្ថានការណ៍គ្រោះមហន្តរាយនានា។

ឯកឧត្ដមបន្តថា បើទោះបីកម្ពុជាកំពុងតែមានភាពសំបូរសប្បាយជាមួយការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមក្ដី ប៉ុន្តែសម្ដេចទាំងទ្វេមិនដែលភ្លេចកងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែននោះទេ ដែលនេះជាការឆ្លុះបញ្ចាំងពីស្មារតីយកចិត្តទុកដាក់ខ្ពស់ ចំពោះកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហានក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី មាតុភូមិកម្ពុជានៃយើង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *