ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៧ បាន អញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាប្រចាំខែឧសភា ឆ្នាំ២០២៣ និងដាក់ចេញទិសដៅការងារយោធាប្រចាំខែមិថុនា ឆ្នាំ២០២៣ រួមទាំងបំពាក់ឋានន្តរសក្តិ ថ្មីជូននាយទាហាន នាយទាហានរង នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ក្នុងក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយ សេ នាធិការ នាយការិយាល័យ ផ្នែក ព្រមទាំងនាយទាហាន-នាយទាហានរង ជាច្រើនរូប ។
ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៧ បានមានប្រសាសន៍ថាថ្ងៃនេះជាមោទនភាពរបស់ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ដោយបានការផ្តល់ទំនុកចិត្តពី ឯកឧត្តម អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក ដែលបានតែងតាំងតំឡើងឋានន្តរសក្តិជូននាយ ទាហាន នាយទាហានរងចំនួន ៤២ ។
លោកមេបញ្ជាការ ក៍៏បានចូលរួមអបអរសាទរចំពោះនាយទាហាន-នាយទាហានរង ដែលត្រូវបានថ្នាក់លើផ្តល់ឋានន្តរសក្តិ ថ្មីនាពេលនេះ ហើយលោកបានថ្លែងបន្តថាបន្ទាប់ពីការផ្តល់ទំនុកចិត្តពីសំណាក់ថ្នាក់ដឹកនាំរួចហើយ សូមអស់លោកត្រូវយកចិត្តទុកដាក់អនុវត្តន៍តួនាទី ភារកិច្ច និងគោរពតាមការណែនាំ និងបទបញ្ជារបស់ថ្នាក់លើ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងខិតខំប្រឹងប្រែងបំពេញភារកិច្ចជូនជាតិ និងប្រជាជន ជាពិសេសត្រូវស្មោះត្រង់ចំពោះព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។