កណ្តាល ៖ មានក្រុមក្មេងទំនើងមួយក្រុមដែលតែងតែបង្ហោះម៉ូតូនៅលើផ្លូវ២១ចំណុចស្ពានក្រវ៉ាតក្រុងទី៣ ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចឃាត់កាលពីថ្ងៃទី២ឧសភាឆ្នាំ២០២៣ ។
សមត្ថកិច្ចនិយាយថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ត្រូវតែប្រមូលក្មេងទាំងនេះមកអប់រំ ។ ជាលទ្ធផលបន្ទាប់ពីក្មេងទំនើងទាំងនេះបង្ហោះម៉ូតូនៅចំណុចខាងលើនាល្ងាចថ្ងៃទី១ខែមេសាឆ្នាំ២០២៣ ,លុះរសៀលថ្ងៃទី២ខែមេសាឆ្នាំ២០២៣ កម្លាំងផ្នែកយុត្តិធម៌បានធ្វើការស្រាវជ្រាវរហូតឃាត់បានក្មេងទំនើងទាំងនោះបាន៤នាក់។
សមត្ថកិច្ចបន្តថា ក្មេងទំនើងទាំង៤នាក់រួមមាន ១-ឈ្មោះទិត្យ ផារ៉ាដេត ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ , ២-ឈ្មោះសល្យ ចាន់ហេង ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ,៣-ឈ្មោះភាព ចិត្រ្តា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ និង ៤-ឈ្មោះសាន សិលា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ រឹបអូសម៉ូតូ៤គ្រឿង ។
បច្ចុប្បន្នក្មេងទាំងបួននេះឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បី អប់រំ ៕