កំពង់ធំ. ឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងឯកឧត្តម តាន់ សុគុន ប្រធានមន្ទីរពេទ្យព្រះកុសុមៈ ពិធីបុណ្យឆ្លងសមិទ្ឋិផលនានាលើ និវេសនដ្ឋាន អ៊ុន នឹង ភ្នំបារៀង ស្ថិតនៅភូមិកកូរ ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់់ធំ កាលពូថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក ជា ថា មេឃុំគោល លើកពីប្រវត្តិនៃភ្នំបារៀង ជាទីតាំងប្រាសាទចាស់ពីបុរាណ និងជាទីសក្ការៈបូជារបស់បងប្អូនប្រជាពលរដ្ឋ ដោយសារសង្គ្រាម ជាមួយសៀម ពួកសៀមបានវាយបំផ្លាញបាក់ទ្រុឌទ្រោមស្ទើរទាំងស្រុង ហើយវត្ថុបុរាណដ៏មានតម្លៃជាច្រើនពួកសៀម បានប្រមូលយកទៅប្រទេសវាអស់សល់តែប្រាសាទបាក់បែក រហូតមកដល់ជំនាន់អាណានិគមនិយមបារាំង។ ឆ្នាំ1999 លោកគ្រូ ប៊ុន ចាន់លីឡានិងភរិយា ព្រមទាំសប្បុរសជន ពុទ្ធបរិស័ទបានសាងសង់ព្រះពុទ្ធអង្គធំមួយអង្គកំពស់១២ម៉ែត្រ សប្បុរសជនជិតឆ្ងាយបានរួមគ្នាធ្វើផ្លូវពីរខ្សែ ទី១កាំជណ្តើរ ២៥០កាំ ពីជើងភ្នំឡើងដល់កំពូលភ្នំ ខ្សែទី២ចាប់ពីជើងភ្នំខាងកើតដល់កំពូលភ្នំ ជាផ្លូវក្រាលគ្រួសក្រហម ។ បច្ចុប្បន្នសមិទ្ធិផលសំខាន់ៗនៅភ្នំបារៀងដែលនៅសល់ពីបុរាណ និងកសាងថ្មីមានដូចជា៖ សាលាកុដិសរុបចំនួន ៨ខ្នង កុដិទើបសាងសង់ថ្មីមានប្រវែង១២ម៉ែត្រ x ៧ម៉ែត្រ ស្មើនឹង០៧បន្ទប់ ចំណាយអស់ថវិកា ចំនួន៣៧,០០០ដុល្លាសហរដ្ឋអាមេរិក។
ឆ្លៀតក្នុងឱកាសនេះផងដែរឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំបានមានប្រសាសន៍ថា វិស័យព្រះពុទ្ធសាសនាកំពុងតែរីកចម្រើនគ្រប់តំបន់ក្នុងមូលដ្ឋាន ដោយកត្តាជីវភាពរបស់បងប្អូនប្រជាពលរដ្ឋបានខិតខំបង្កបង្កើនផលដោយពុំទំនេរនោះឡើយ។ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែជឿជាក់លើព្រះពុទ្ធសាសនា ព្រោះព្រះពុទ្ធសាសនាបានអប់រំមនុស្សឲ្យប្រព្រឹត្តអំពើល្អ ចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ស្គាល់ពីកម្មនិងផល។ ពិសេសឪពុកម្ដាយ និងអាណាព្យាបាលត្រូវតែ អប់រំកូនចៅឱ្យស្គាល់ពីពុទ្ធចក្រនិងអាណាចក្រ ចូលរួមការពារសុខសន្តិភាពជូនប្រទេសជាតិឲ្យមានការរីកចម្រើនជានិរន្តរ៍។
ឯកឧត្តមក៏បានបន្តទៀតថា សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ចូលរួមផ្សព្វផ្សាយពីភូមិឃុំមានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ក្នុងការការពារសុវត្ថិភាពជូនដល់ពួកគាត់នៅក្នុងមូលដ្ឋាន។ ឪពុកម្ដាយសិស្សគ្រប់រូបត្រូវតែបញ្ជូនកូនឱ្យមកចូលសាលារៀន លោកគ្រូអ្នកគ្រូយកចិត្តទុកដាក់ក្នុងការបង្រៀនកូនចៅឲ្យបានទៀងទាត់ ដើម្បីទទួលបានចំណេះដឹងជំនាញដើម្បីយកមកប្រើប្រាស់នៅក្នុងក្រុមគ្រួសារនិងសង្គមជាតិទាំងមូល។
សូមបញ្ជាក់ថា កុដិទើបសាងសង់ថ្មីមានប្រវែង១២ម៉ែត្រ x ០៧ម៉ែត្រ ស្មើ០៧បន្ទប់ ចំណាយអស់ថវិកា ចំនួន៣៧,០០០ដុល្លាសហរដ្ឋអាមេរិកសមិទ្ធផលថ្មីៗបានកាត់ខ្សែបូណ៌ដាក់ឲ្យប្រើប្រាស់ចាប់ពីពេលនេះតទៅ និងមានពិធីរាប់បាត្រដល់ព្រះសង្ឃចំនួន១១២អង្គ ដែលអញ្ជើញមកពីវត្តក្នុងស្រុកប្រាសាទសំបូរផងដែរ។