ខេត្តស្វាយរៀង៖សន្និបាតបូកសរុបលទ្ធផលការងារក្រុមប្រឹក្សាគណៈឱសថការីខេត្តអាណត្តិទី 2 និងទិសដៅ ការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈឱសថការីខេត្តស្វាយរៀងអាណត្តិទី 3 បានប្រព្រឹត្តទៅនៅមន្ទីរសុខាភិបាលខេត្តកាលពីថ្ងៃទី 27 ខែកុម្ភៈឆ្នាំ 2023 ក្រោមអធិបតីភាពឯកឧត្តម បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ។
លោក អៀ ចន្ទ័ និមល ប្រធានក្រុមប្រឹក្សាគណៈឱសថការីខេត្តស្វាយរៀងបានបញ្ជាក់នៅក្នុងរបាយការណ៍ថានៅក្នុងខេត្តស្វាយរៀងមានឱសថស្ថាននិងឱសថស្ថានរងសរុបចំនួន 53 កន្លែងក្នុងនោះឱសថស្ថានចំនួន 44 កន្លែងគ្រប់គ្រងដោយឱសថការីឧត្តម និងឱសថស្ថានរង ក ចំនួន 8 កន្លែងគ្រប់គ្រងដោយឪសថការីមធ្យម និងឱសថការីឱសថស្ថានរង ខ 1 កន្លែងគ្រប់គ្រងដោយមន្ត្រីសុខាភិបាលចូលនិវត្ត។
ហើយរយៈពេលកន្លងមកគណៈឱសថការីខេត្តបានធ្វើការចេញអាជ្ញាប័ណ្ណដល់ឱសថការីដំបូងជូនសមាជិកគណៈឱសថការីបានចំនួន 65 នាក់ និងបន្តអាជ្ញាប័ណ្ណឱសថការីបាន 39 នាក់។លោក អៀ ចន្ទ័ និម លបានបញ្ជាក់បន្ថែមថាកន្លងមក គណៈឱសថការីខេត្តស្វាយរៀងបានដើរតួនាទីជានគរបាលយុត្តិធម៌ក្នុងការចុះបង្ក្រាបឱសថក្លែងក្លាយ ឱសថហួសកាលបរិច្ឆេទនៅតាមឱសថស្ថាន ឱសថស្ថានរងនានានិងមានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។មានប្រសាសន៍នៅក្នុងសន្និបាតឯកឧត្តមបាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិបានធ្វើការកោតសរសើរដល់មន្ទីរសុខាភិបាលខេត្តពិសេសក្រុមប្រឹក្សាគណៈឱសថការីខេត្តស្វាយរៀងដែលបានរួមសហការជាមួយអាជ្ញាធរដែនដីមូលដ្ឋាននានាក្នុងខេត្តស្វាយរៀងដើម្បីចុះបង្ក្រាបនិងលុបបំបាត់ឱសថក្លែងក្លាយនៅតាមឱសថស្ថានឱសថស្ថានរងារនានាព្រមទាំងធ្វើការអប់រំផ្សព្វផ្សាយដល់ឪសថការីក្នុងការធ្វើអាជីវកម្មវិស័យសុខាភិបាលត្រូវមានអាជ្ញាប័ណ្ណច្បាស់លាស់។
ឯកឧត្តមបានបុត្តាបានធ្វើការផ្ដាំផ្ញើដល់ឱសថការីដែលបានបើកឱសថស្ថាននានានៅគ្រប់ទីកន្លែងក្នុងខេត្តស្វាយរៀងត្រូវមានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយចំពោះឪសថការីណាពុំទាន់មានអាជ្ញាប័ណ្ណត្រូវធ្វើអាជ្ញាបណ្ណ ព្រមទាំងរួមគ្នាលុបបំបាត់នូវឪសថក្លែងក្លាយដែលឪសថក្លែងក្លាយធ្វើឲ្យប៉ះពាល់សុខភាពដល់អ្នកទៅទិញឱសថយកទៅប្រើប្រាស់។នៅក្នុងសន្និបាតបូកសរុបការងារនេះឱកាសនោះឯកឧត្តម បានបុត្តា បានប្រគល់លិខិតខ្លែងអំណរគុណដល់ក្រុមប្រឹក្សាគណៈឱសថការីខេត្តស្វាយរៀងនៅទីនោះផងដែរ។