សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្ដីពីការគាំពារ និង អភិវឌ្ឍន៍កុមារតូច សម្រាប់ប្រព័ន្ធផ្សព្វផ្សាយថា្នក់ក្រោមជាតិ

ខេត្តប៉ៃលិន​ ៖ នាព្រឹក​ថ្ងៃទី២១​ ខែកុម្ភៈ​ ឆ្នាំ២០២២នេះ​ ក្រសួង​ព័ត៌មាន​ សហការ​ជាមួយ​មន្ទីរព័ត៌មានខេត្តប៉ៃលិនបានរៀបចំកម្មវិធី​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ គោលនយោបាយ​ជាតិ​ការគាំពារ​ និងអភិវឌ្ឍន៍កុមារតូច​ ក្នុងវិស័យ​ព័ត៌មាន​ក្រោមអធិបតីភាព​ឯកឧត្ដម​ ថាច់​ ផែន​ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​ លោក​ សោ​ សុវណ្ណ​ អភិបាលរងខេត្ត​ប៉ៃលិន​ ឯកឧត្ដម​ លោកជំទាវ​ លោក-លោកស្រី ប្រធានមន្ទីរ​ អនុប្រធានមន្ទីរតាមបណ្តាខេត្តមួយចំនួនដូចជាខេត្ត​កំពង់ធំ​ កំពង់ឆ្នាំង​ សៀមរាប​ ត្បូងឃ្មុំ​ ពោធិសាត់​ បាត់ដំបង​ ព្រមទាំង​សិក្ខាកាមជាមន្ត្រីនៃមន្ទីរ​ព័ត៌មាន​ខេត្ត​ និងអ្នកយកព័ត៌មានក្នុងខេត្តប៉ៃលិន​ ។

ឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍ថា ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង បានមកចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច សម្រាប់ប្រព័ន្ធផ្សព្វផ្សាយថ្នាក់ក្រោមជាតិមកពីខេត្តចំនួន២គឺ ខេត្តប៉ៃលិន និងខេត្តកំពង់ឆ្នាំង ដែលរៀបចំឡើងដោយគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសកុមារតូច ក្នុងវិស័យព័ត៌មាន និងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំអង្គភាព និងមន្ទីរជំនាញនានាដែល បានផ្ដល់នូវកិច្ចសហការគាំទ្រក្នុងការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ។

ក្នុងឱកាស​នេះ​ឯកឧត្ដម​ សូមរំលឹកជូន ឯកឧត្តម លោកជំទាវ លោក-លោកស្រី នាងកញ្ញ បានជ្រាបថាគោលនយោបាយជាតិ និងផែនការសកម្មភាពជាតិស្តីពី ការគាំពារនិងអភិវឌ្ឍន៍កុមារតូច ត្រូវបានប្រកាសឲ្យផ្សព្វផ្សាយជាផ្លូវការ កាលពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៤ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍន៍កុមារតូច ។ ភារកិច្ចចម្បងរបស់គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស គឺការងារកសាងកម្មវិធីផ្សព្វផ្សាយ អប់រំតាមប្រព័ន្ធផ្សព្វផ្សាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបញ្ជ្រាបការយល់ដឹងទូលំទូលាយដល់គ្រប់មជ្ឈដ្ឋានប្រជាពលរដ្ឋក្នុងទូទាំងប្រទេស ជាពិសេសដល់ មាតាបិតា អាណាព្យាបាល និងបុគ្គលិកបច្ចេកទេស នៃប្រព័ន្ធផ្សព្វផ្សាយឲ្យទទួលបាននូវចំណេះដឹងគ្រប់គ្រាន់ អំពីវិធីគាំពារ និងអភិវឌ្ឍន៍កុមារតូច ។ដើម្បីឆ្លើយតបនឹងភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ និងក្នុងស្មារតីសហការប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពរួមចំណែកសម្រេចគោលដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងព័ត៌មាន និង ក្រសួងអប់រំ យុវជននិងកីឡា បានចុះអនុស្សរណៈព្រម ព្រៀងក្នុងការកសាងផែនការសកម្មភាព ទាំងបច្ចេកទេសនិងខ្លឹមសារ ដើម្បីផលិតកម្មវិធី ផ្សព្វផ្សាយអប់រំមានឈ្មោះ « កម្មវិធីស្រឡាញ់កូន » ។ ផ្អែកតាមស្មារតីនៃអនុស្សរណៈ សហប្រតិបត្តិការនេះហើយ ដែលគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសកុមារតូចក្នុង វិស័យព័ត៌មាន បានបំពេញសកម្មភាពយ៉ាងមមាញឹកចុះដល់មូលដ្ឋានសហគមន៍ប្រជាពលរដ្ឋ ទាំងនៅទីប្រជុំជន តំបន់វាលរាប តំបន់ជនបទដាច់ស្រយាល តំបន់ខ្ពង់រាប រួមទាំងតំបន់ជនជាតិដើមភាគតិច ដើម្បីស្វែងយល់អំពីស្ថានភាពនៃការចិញ្ចឹមបីបាច់ការថែទាំសុខភាព ការផ្ដល់អាហារូបត្ថម្ភ ការរៀនសូត្ររបស់កុមារ ដែលកំពុងស្ថិតក្នុងស្ថានភាព ជីវភាពរស់នៅក្នុងបរិស្ថាន និងទម្លាប់ប្រពៃណីខុសគ្នា ហើយផលិតបានកម្មវិធីអប់រំឈ្មោះថា « កម្មវិធីស្រឡាញ់កូន » ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជាក្នុងពិធីសម្ពោធ ពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៦ ។ សិក្ខាសាលាប្រមូលផ្តុំនៅខេត្តប៉ៃលិនថ្ងៃនេះ មានគោលបំណងសំខាន់គឺផ្តល់ការយល់ដឹងដល់មន្ត្រីទាំងឡាយ ដែលកំពុងបម្រើការងារក្នុងប្រព័ន្ធផ្សព្វផ្សាយថ្នាក់ក្រោមជាតិ អំពីនិយមន័យគាំពារនិងអភិវឌ្ឍន៍កុមារតូច ដែលសំដៅដល់ការផ្តល់សេវាថែទាំសេវាអប់រំ សុខភាព ព្រមទាំងអាហារូបត្ថម្ភចាប់ពីកកំណើត រហូតដល់អាយុក្រោម ៦ឆ្នាំដែលមាតាបិតា មានកាតព្វកិច្ចជាមូលដ្ឋានយ៉ាងសំខាន់ សម្រាប់លើកកម្ពស់ការអភិវឌ្ឍផ្នែករាងកាយ សុខភាព ការអភិវឌ្ឍផ្នែកសីលធម៌ និង វប្បធម៌ អភិវឌ្ឍន៍ផ្នែកសង្គម និងអារម្មណ៍ ព្រមទាំង ការអភិវឌ្ឍផ្នែកបញ្ញា និង ការគិតរបស់កុមារ ឆ្លើយតបនឹងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ដើម្បីឈានដល់ការកសាងបាននូវធនធានមនុស្សស្របតាមតម្រូវការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា នៅក្រោមទិសស្លោក កុមារល្អ យុវជនល្អ ពលរដ្ឋល្អ ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *