មន្រ្តីអះអាងថា តម្លៃដំឡូងមីនៅខេត្តព្រះវិហារកំពុងតែមានតំលៃល្អ

ព្រះវិហារ៖ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះវិហារ បានលើកឡើង​ថា តម្លៃដំឡូងមីនៅក្នុងខេត្តកំពុងតែល្អមែនទែនមកដល់ខែ កុម្ភៈឆ្នាំ២០២៣នេះ ។

លោកបានបញ្ជាក់ ថា “ មកដល់ពេលនេះ តម្លៃដំឡូងស្ងួត ប្រភេទចំណិតគឺឡើងដល់ជាង៩០០ រៀលនៅក្នុងមូយគីឡូក្រាម ដោយឡែកដំឡូង ស្រស់គឺចន្លោះពី ៣៧០ ទៅ​៤២០ រៀលនៅក្នុងមួយគីឡូក្រាម ​” ។

លោកថា តម្លៃដំឡូងមីនេះនៅកន្លែងខ្លះប្រជាពលរដ្ឋអាចលក់បាន ៩៣០ រៀល នៅក្នុងមួយគីឡូក្រាម កន្លែងខ្លះ ៩៥០ រៀល ហើយបើវាស្ងួតល្អ គឺកសិករយើងអាចលក់បានរហូតដល់ទៅ ៩៦០ រៀលនៅក្នុងមួយគីឡូក្រាម ។ លោកបានបន្តទៀតថា​ តម្លៃនេះគឺល្អមែនទែន ហើយកសិករមិនដែលទទួលបានទេនៅក្នុង   រយៈពេលប្រមាណជា ១០ ឆ្នាំមកនេះ ។ ​

ជាមួយនឹងតម្លៃនេះបងប្អូនប្រជាកសិករនៅក្នុងខេត្តដែលបានដាំដំឡូង គឺកំពុងតែសប្បាយចិត្តមែនទែន ពីព្រោះថា ដំឡូងដែលដាំនៅក្នុងខេត្តព្រះវិហារ នេះកន្លែងខ្លះបានទិន្នផលពី ១០ តោនទៅដល់ ៥០ តោនក៏មាននៅក្នុងផ្ទៃដីមួយហិចតា។

នៅពេលនេះបងប្អូនប្រជាកសិករសប្បាយចិត្តមែនទែន ហើយឈ្មួញថៃ ក៏ដូចជាឈ្មួញវៀតណាមបានចុះមកប្រមូលទិញអស់ៗតែម្តង ។

តាមប្រសាសន៍របស់លោកប្រធានមន្ទីរ កន្លងមកតម្លៃដំឡូងមី ដែលវាចុះមែនទែន គឺប្រភេទដំឡូងស្រស់បានចុះដល់ ១០០ រៀលនៅក្នុងមួយគីឡូក្រាម តែឆ្នាំនេះតម្លៃដំឡូងវាបានកើនឡើងប្រមាណជា ជាង​៣ ដង ។

សម្រាប់ដំឡូងកាលណាឡើងឫចុះតែបន្តិចគឺប្រាក់ចំណូលរបស់ប្រជាកសិករខុសគ្នាមែនទែន ដោយសារតែវាគឺជាប្រភេទដំណាំដែលផ្តល់ផលខ្ពស់​។

ពាក់ព័ន្ធនឹងប្រភេទដំណាំដំឡូងមីនេះ លោកប្រធានមន្ទីរបានព្យាករណ៍ថា សម្រាប់ឆ្នាំក្រោយតម្លៃនៃដំឡូងមីនឹងបន្តកើនឡើងបន្ថែមទៀត ជាពិសេសនៅក្នុងអំឡុងពេលដែលប្រេងបន្តឡើងថ្លៃ ពីព្រោះដំឡូងមី ក៏អាចត្រូវបានគេកៃច្នៃជាអេតាណុល ដែលជាប្រភេទប្រេងជីវឥន្ធនៈម្យ៉ាង ហើយវាក៏ជាធនធានដ៏សំខាន់សម្រាប់ស្បៀង ជាពិសេសគឺម្សៅមី ។

មកដល់ពេលនេះ ដំឡូងមី គឺជាប្រភេទដំណាំកសិ-ឧស្សាហកម្មមួយប្រភេទដែលកំពុងតែបង្ករបង្កើនផលដោយប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារនៅលើផ្ទៃដីប្រមាណជា ៣២.០០០ ហិចតា៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *