សិក្ខាកាមកងអនុសេនាតូចចំនួន៥ចំណុះអោយអង្គភាពកងពលធំ អន្តរាគមន៍លេខ៣ ត្រូវបានបញ្ជូនទៅហ្វឹកហ្វឺនបំប៉នជំនាញបោសសំអាតមីន នៅសាលាពលទាហានទី៥ ភូមិសាស្ត្រខេត្តបាត់ដំបង

ព្រះវិហារ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជូ តុងអាន មេបញ្ជាការរង និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការជំនាញវិស្វកម្មបោសសំអាតមីន កងពលធំអន្តរាគមន៍លេខ៣ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ទៅចូលរួមបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញវិស្វកម្មបោសសំអាតមីន នៅសាលាពលទាហានទី៥ ក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង។

នាឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជូ តុងអាន ក៏បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ និងក្តីនឹករលឹក ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ជូនដល់បងប្អូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលត្រូវបានអង្គភាពចាត់បញ្ជូនឲ្យទៅហ្វឹកហ្វឺន បំប៉នជំនាញវិស្វកម្មបោសសំអាតមីន នៅសាលាពលទាហានទី៥ នៅក្នុងទឹកដីខេត្តបាត់ដំបង សូមអោយថែរក្សាសុខភាព និងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីយកចំណេះដឹងដែលបានមកពីការសិក្សារៀនសូត្រយកទៅបម្រើជាតិមាតុភូមិ និងប្រជាជនឲ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។ ពិសេសត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ គោរពឲ្យបានច្បាប់ លក្ខន្តិកៈ បទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទឲ្យបានខ្ជាប់ខ្ជួន ។

មេបញ្ជាការរង និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការជំនាញវិស្វកម្មបោសសំអាតមីន កងពលធំអន្តរាគមន៍លេខ៣ ឧត្តមសេនីយ៍ទោ ជូ តុងអាន បានបញ្ជាក់ឲ្យដឹងដែរថា នាយទាហាន នាយទាហានរង និងពលទាហានដែលត្រូវបានអង្គភាពបញ្ជូនឲ្យទៅចូលរួមបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញវិស្វកម្មបោសសំអាតមីន នៅសាលាពលទាហានទី៥ នៃខេត្តបាត់ដំបងនោះ មានចំនួន៥កងអនុសេនាតូច។ មួយកងអនុសេនាតូច មានចំនួន ២៦នាក់ ស្មើនឹង១៣០នាក់។ ក្នុងនោះអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ មានចំនួន ១ កងអនុសេនាតូច, កងពលតូចអន្តរាគមន៍លេខ៨ មានចំនួន ១ កងអនុសេនាតូច, កងពលតូចអន្តរាគមន៍លេខ៩ មានចំនួន ១កងអនុសេនាតូច និងកងពលធំអន្តរាគមន៍លេខ៣ មានចំនួន ២កងអនុសេនាតូច។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ជូ តុងអាន បានបន្ថែមថា នាយទាហាន នាយទាហាន និងពលទាហាន ដែលអង្គភាពកងពលធំអន្តរាគមន៍លេខ៣ បានចាត់បញ្ជូនមកហ្វឹកហ្វឺនបំប៉នជំនាញវិស្វកម្មបោសសំអាតមីន នៅសាលាពលទាហានទី៥ និងទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិត មរតកតេជោសែន(ភ្នំវាលចាប) នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នាពេលនេះ នឹងត្រូវចល័តទៅកាន់ភូមិសាស្រ្ត ខេត្តឧត្តរមានជ័យ (យោធភូមិភាគទី៤) ខេត្តបន្ទាយមានជ័យ (យោធភូមិភាគទី៥) ដើម្បីសហការ បោសសំអាតមីន ជាមួយកំលាំង ទាំង១៦ កងអនុសេនាតូច បន្ទាប់ពីហ្វឹកហាត់បំប៉នជំនាញវិស្វកម្មបោសសំអាតមីនចប់ នៅក្នុងរយៈពេល២ខែ៕ ដោយ ស៊ឹម ចរិយា

You might like

Leave a Reply

Your email address will not be published. Required fields are marked *