អភិបាលខេត្តកំពង់ធំ ផ្តាំផ្ញើដល់បេក្ខជនប្រឡងបាក់ឌុបទាំងអស់ ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាពដើម្បីទទួលបានលទ្ធផលល្អ

កំពង់ធំ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្ត និងផ្តាំផ្ញើដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងអស់ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាពដើម្បីទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។

អភិបាលខេត្តកំពង់ធំបានលើកឡើងនៅក្នុងឱកាសលោកនិងក្រុមការងារបានចូលរួមពិនិត្យនិងបើកវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (BacII) នៅមណ្ឌលប្រលងវិទ្យាល័យវិទ្យាល័យកំពង់ធំ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។

ឯកឧត្តម ងួន រតនៈ បានថ្លែងថា សម្រាប់ដំណើរប្រឡងថ្ងៃទី១នេះ គឺដំណើរការប្រឡងបានពិនិត្យភាពបិទជិតដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌តម្លាភាព និងលទ្ធផលទទួលយកបាន។

ឯកឧត្តមបានបន្តថា ចំពោះប្អូនៗជាបេក្ខជនបេក្ខនារីទាំងអស់ដែលត្រូវចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលនេះ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ និងខិតខំសរសេរឱ្យល្អត្រឹមត្រូវទៅលើក្រដាសវិញ្ញាសារ មុននឹងឆ្លើយត្រូវគិតត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដោយត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង និងប្រកាន់យកនូវគោលការណ៍ «ចេះជាប់»។

តាមការបញ្ជាក់របស់បេក្ខជនបេក្ខនារីខ្លះបានលើកឡើងថាពួកគេមានសង្ឃឹមក្នុងការប្រឡងច្រើនដោយសារការសិក្សាររៀនសូត្របានច្រើនជាងឆ្នាំមុនព្រោះប្រទេសកម្ពុជាបានដំណើរការសិក្សារៀនសូត្រពេញមួយឆ្នាំ ។

សូមបញ្ជាក់ផងដែរថា នៅក្នុងខេត្តកំពង់ធំ មាន ១២មណ្ឌលប្រឡង ស្មើនឹង ២២១បន្ទប់ ក្នុងនោះមាន៖ ផ្នែកវិទ្យាសាស្ត្រ៖ មាន២មណ្ឌល ៥២បន្ទប់ មានបេក្ខជនសរុប ១៣០០នាក់ ស្រី ៧៧៨ នាក់។ ផ្នែកវិទ្យាសាស្ត្រសង្គម៖ មាន ១០មណ្ឌល មាន១៦៩បន្ទប់ បេក្ខជនសរុប ៤២២៤នាក់ ស្រី ២២៨៤ នាក់ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *