ព្រះវិហារ៖ ថ្ងៃអាទិត្យ ទី៤ ខែធ្នូ ឆ្នាំ២០២២ អាជ្ញាធរជាតិព្រះវិហារ បានសហការជាមួយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា(PATACC) បានរៀបចំកម្មវិធី “យាត្រាដើម្បីបេតិកភណ្ឌ Temple walk” នៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ
កម្មវិធីនេះប្រារព្ធឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យទេសចរណ៍និងបរិស្ថាន តាមរយៈព្រឹត្តិការណ៍កីឡាទាំងអស់គ្នា “កីឡានាំមកនៅសុខភាព និង មិត្តភាព” និងដើម្បីបេតិកភណ្ឌ(មរតក) ទេសចរណ៍ បរិស្ថាន មិត្តភាព និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍។
ហើយក៏បានចាប់ផ្តើមនៅម៉ោង៦:៣០នាទីព្រឹកទី៤ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន រដ្ឋបាលខេត្តព្រះវិហារ មន្ទីរទេសចរណ៍ខេត្តព្រះវិហារ ស.ស.យ.ក ខេត្តព្រះវិហារ កងកម្លាំងឈរជើងនៅប្រាសាទព្រះវិហារ សិស្សានុសិស្ស និងភ្ញៀវបរទេស(ថៃ អេស្ប៉ាញ ឥណ្ឌូនេស៊ី)សរុបចំនួន ២៧៤នាក់។
ដោយចាប់ផ្តើមចេញដំណើរពីបារាយណ៍ខាងលិចជើងភ្នំប្រាសាទព្រះវិហាររហូតដល់គោបុរៈទី៤នៃប្រាសាទព្រះវិហារ ក្នុងចំងាយប្រមាណ ៧គីឡូម៉ែត្រ។ ហើយកម្មវិធីនោះក៏មានការបំពាក់មេដៃដល់កីឡាករ កីឡាការិនីដែលបានទទួលជ័យលាភី ជាចុងក្រោយនៃកម្មវិធីក៏មានការផ្តល់មេដាយកិត្តិយសទុកជាវត្ថុអនុស្សាវរីយ៍សម្រាប់កីឡាករ កីឡាការិនីដែលបានចូលរួមទាំងអស់ផងដែរ៕