សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម អាត់សផានថង ស៊ីផានដូន អភិបាលរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ១០កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម អាត់សផានថង ស៊ីផានដូន អភិបាលរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា។

ជាកិច្ចចាប់ផ្ដើមសម្ដេចក្រឡាហោម បានសម្ដែងការស្វាគមន៍ ឯកឧត្តមនិងគណៈប្រតិភូ និងសូមចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អបអរសាទរសម្រាប់ការរៀបចំកិច្ចប្រជុំអភិបាលក្រុងអាស៊ាននៅកម្ពុជានាឱកាសនេះ។ សម្ដេចក្រឡាហោម ក៏សង្ឃឹមថាតាមរយៈវេទិកាកិច្ចប្រជុំនេះ គ្រប់ភាគីនឹងបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកទៅតាមអ្វីដែលសហគមន៍អាស៊ានបានសម្រេចរួមគ្នា គឺធ្វើយ៉ាងណាកសាងសហគមន៍មួយដែលមានអនាគតរួមគ្នា។

សម្ដេចក្រឡាហោម មានប្រសាសន៍ថាប្រទេសកម្ពុជា និងឡាវ ជាប្រទេសភូមិផងជាមួយគ្នា និងជាប្រទេសមានទំនៀមទំលាប់ប្រពៃណីប្រហាក់ប្រហែលគ្នា។ ផ្អែកលើទំនាក់ទំនងសហប្រតិបត្តិការជាមួយគ្នាកន្លងមក សម្ដេចក៏សង្ឃឹមជឿជាក់ថាភាគីទាំងពីរនឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត។

សម្ដេចក៏បានយកឱកាសនេះ ជម្រាបជូនឯកឧត្តម និងគណៈប្រតិភូដែរថាសម្ដេចផ្ទាល់ និងក្រសួងមហាផ្ទៃ តែងបានផ្ដល់កិច្ចសហប្រតិបត្តិការជាមួយសមភាគីឡាវយ៉ាងល្អប្រសើរក្នុងក្របខណ្ឌនៃកិច្ចប្រជុំរវាងខេត្តជាប់ព្រំដែន ក៏ដូចជាកិច្ចប្រជុំក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសន្តិសុខរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ។ សម្ដេចបន្តថាភាគីទាំងពីរតែងបានបន្តផ្សារភ្ជាប់ទំនាក់ទំនងទោះបីជាក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ក៏ដោយ ក៏បានជួបប្រជុំជាមួយគ្នាតាមកាលកំណត់ តាមរយៈប្រព័ន្ធវីដអូដែរ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណរដ្ឋាភិបាល និងក្រសួងសន្តិសុខសាធារណៈឡាវ ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការដ៏ល្អក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន។ សម្ដេចក៏បានបញ្ជាក់ដែរថាសម្ដេចត្រៀមខ្លួនជានិច្ចក្នុងការបន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការតាមយន្តការដែលមានស្រាប់ ធ្វើយ៉ាងណាថែរក្សាបរិយាកាសសន្តិសុខបានល្អប្រសើរ សម្រាប់ប្រទេសទាំងពីរ រួមចំណែកដល់ការពង្រីកទំនាក់ទំនង និងការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ពិសេសរវាងពលដ្ឋរស់នៅតាមព្រំដែន។

ជាការឆ្លើយតប ឯកឧត្តម អាត់សផានថង ស៊ីផានដូន អភិបាលរដ្ឋធានីវៀងចន្ទន៍ បានថ្លែងអំណរគុណជូនសម្ដេចក្រឡាហោម ស ខេង ដែលបានឆ្លៀតពេលវេលានៃថ្ងៃឈប់សម្រាកទទួលជួបគណៈប្រតិភូរបស់ឯកឧត្តមនាឱកាសនេះ។ ឯកឧត្តមពិតជាមានសេចក្ដីរីករាយក្នុងឱកាសបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាពិសេសអរគុណចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ រាក់ទាក់ពីសំណាក់ឯកឧត្តម អភិបាលរាជធានីភ្នំពេញ។

ឯកឧត្តមក៏បានជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ដែរថាក្រុងវៀងចន្ទន៍ និងរាជធានីភ្នំពេញ បានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការជាមួយគ្នា តាំងពីឆ្នាំ២០០៦មក ហើយចាប់តាំងពីពេលនោះមក ភាគីទាំងពីរបានផ្លាស់ប្ដូរទស្សនកិច្ចជាមួយគ្នាទៅវិញទៅមក  ជាពិសេសក្នុងរយៈពេលកន្លងមក ភាគីទាំងពីរមានកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្ដូរប្រតិភូចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ទៅលើវិស័យអប់រំ និងការអភិវឌ្ឍ។

ឯកឧត្តមបានជម្រាបជូនសម្ដេចពីការកត់សម្គាល់ និងមើលឃើញការអភិវឌ្ឍរីកចម្រើនយ៉ាងច្រើនរបស់រាជធានីភ្នំពេញ ហើយឯកឧត្តមចាត់ទុកថានេះជាបទពិសោធន៍មួយសម្រាប់រដ្ឋធានីវៀងចន្ទន៍ធ្វើការផ្លាស់ប្ដូរជាមួយកម្ពុជា ដើម្បីរួមចំណែកយកបទពិសោធន៍នេះទៅបន្តអភិវឌ្ឍន៍រដ្ឋធានីវៀងចន្ទន៍។ ឯកឧត្តមបានឯកភាពចំពោះប្រសាសន៍លើកឡើងរបស់សម្ដេចក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងរដ្ឋធានី និងរាជធានីនៃប្រទេសសមាជិកអាស៊ាន ដើម្បីរួមសហការគ្នាអភិវឌ្ឍន៍ទីក្រុងសហគមន៍អាស៊ានឱ្យមានការរីកចម្រើន។

សម្ដេចក្រឡាហោម ស ខេង  ក៏បានជម្រាបជូនឯកឧត្តមអភិបាលរាជធានី និងគណៈប្រតិភូថាបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចផ្ទាល់ កំពុងដំណើរការដឹកនាំការងារកំណែទម្រង់ការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការជំរុញកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ ដើម្បីផ្ដល់នូវធនធាន សិទ្ធិអំណាច និងធនធានហិរញ្ញវត្ថុទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មានលទ្ធភាពបំពេញការងារបម្រើពលរដ្ឋកាន់តែទទួលបានប្រសិទ្ធភាព។ សម្ដេចក៏បានលើកទឹកចិត្តរដ្ឋធានីវៀងចន្ទន៍ ក៏ដូចជារាជធានីភ្នំពេញបន្តជួបនិងផ្លាស់ប្ដូរបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក ដើម្បីជួយធ្វើឱ្យការគ្រប់គ្រងដឹកនាំរដ្ឋបាលរាជធានី និងរដ្ឋធានីនៃប្រទេសទាំងពីរកាន់តែទទួលបានប្រសិទ្ធភាព និងលទ្ធផលល្អប្រសើរថែមទៀត។

សម្ដេចក្រឡាហោម ស ខេង បានជូនពរឯកឧត្តមប្រធានគណៈប្រតិភូរដ្ឋបាលក្រុងវៀងចន្ទន៍ សូមស្នាក់នៅប្រកបដោយផាសុខភាព និងទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មនៅកម្ពុជា។ សម្ដេចក៏យកឱកាសនេះ ផ្ដាំផ្ញើការសួរសុខទុក្ខ និងជូនពរឯកឧត្តមរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងថ្នាក់ដឹកនាំរដ្ឋាភិបាលឡាវមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ចបម្រើជាតិ និងប្រជាជន៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *