កណ្ដាល ៖ ស្ត្រីម្នាក់មានមុខរបរលក់ចាប់ហួយ ឆ្លៀតលក់ថ្នាំញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាថ្ងៃចន្ទ ទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១និង៣០នាទីរសៀល ស្ថិតផ្ទះជនសង្ស័យ ភូមិអង្គសិរី ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។
សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ ថូ ចន្ថា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ចាប់ហួយ មានទីលំនៅភូមិអង្គសិរី ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។ វត្ថុតាងចាប់យក សារធាតុញៀនចំនួន ១៥កញ្ចប់តូច(ទម្ងន់ ២,៦៦ក្រាម), ទូរសព្ទ ចំនួន០២គ្រឿង ,ថង់សម្រាប់វេចខ្ចប់ សារធាតុញៀន ០២ដុំនិងកំប៉ុងជ័រទុកថ្នាំញៀនមួយ ។
សមត្ថកិច្ចបន្តថា ដំបូងមានប្រជាពលរដ្ឋបានរាយការណ៍មកផ្នែកជំនាញថា «ម្ចាស់ផ្ទះលក់ចាប់ហួយខាងលើ សង្ស័យលក់ថ្នាំញៀន»។ បន្ទាប់មកកម្លាំងផ្នែកជំនាញស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលភ្នំបាត បានចុះចាំឃ្លាំមើល ក៏បានឃើញជនសង្ស័យ ពិតជាធ្វើសកម្មភាពលក់ថ្នាំញៀនផង លក់ចាប់ហួយផង ប្រាកដមែន។ក្រោយឃើញមានក្មេងស្ទាវចូលទិញ កម្លាំងចម្រុះក៏ប្រើវិធានការជំនាញ ចូលបង្ក្រាប ចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ និងចាប់យកវត្ថុតាងតែម្តង ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយសារភាពថា «ថ្នាំញៀនដែលខ្លួនលក់រាល់ថ្ងៃនេះ គឺមានជនមិនស្គាល់ឈ្មោះបាន មកនិយាយបញ្ចុះបញ្ចូល ដាក់ថ្នាំឱ្យនាងខ្ញុំលក់ ដោយយកថ្នាំមកឱ្យខ្លួនម្តងៗ មានតម្លៃពីសែសិបម៉ឺនរៀល ទៅហុកសិបម៉ឺនរៀល ហើយបីទៅបួនថ្ងៃយកមកឱ្យម្តង»។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយ ភាវុន