ខេត្តប៉ៃលិន ៖ ដើម្បីចូលរួមលើកកម្ពស់សុខមាលភាព សុខភាពប្រជាពលរដ្ឋ ថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ និងបង្កើននូវសោភ័ណភាពទីក្រុងស្រស់ស្អាត បង្កភាពទាក់ទាញដល់មហាជន នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារមន្រ្តីសាលាខេត្ត មន្រ្តីរាជការ មកពីតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋប្រារព្ធពិធីទិវាអនាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ២០២២។
ក្នុងពេលកំពុងនាំគ្នាដើរតាមដងផ្លូវ ដើម្បីសម្អាតសម្រាមលោក នឹម អឿន ចៅសង្កាត់ប៉ៃលិន និងជាក្រុមយុវជន ស.ស.យ.ក ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ការធ្វើកម្មវិធីប្រារព្ធទិវាអនាម័យបរិស្ថាន នេះ ដឹកនាំដោយខាងរដ្ឋបាលខេត្ត ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្ត ក្រុមយុវជន ស.ស.យ.ក ខេត្ត ក្រុមយុវជនកាយរិទ្ធិ ហើយនឹងសិស្សានុសិស្ស ដោយនាំគ្នាដើររើសសំរាម សម្អាតតាមទីធ្លាដងផ្លូវជាតិ និងផ្លូវលំ នៅក្នុងក្រុងប៉ៃលិន ដើម្បីឱ្យទីក្រុងប៉ៃលិន ទទួលបានភាពស្អាតជានិច្ច គ្មានសំរាម ធ្វើឱ្យប្រជាពលរដ្ឋមានសុខភាពល្អ ជៀសវាងកើតជំងឺរោគា ជាពិសេសជំងឺផ្លូវដង្ហើមជាដើម។ លោកបន្តទៀតថា ក្នុងនាមថ្នាក់ដឹកនាំខេត្តប៉ៃលិន លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងប៉ៃលិន ក៏ដូចជាទូទាំងខេត្ត ត្រូវយកចិត្តទុកដាក់រក្សាសំរាម និងកាកសំណល់នៅតាមផ្ទះឱ្យបានល្អគង់វង់ កុំបោះចោលពាសវាលពាសកាល នាំឱ្យបាត់បង់នូវសោភ័ណភាពទីក្រុងស្អាតផងដែរ។
លោកបញ្ជាក់ថា ការនាំគ្នាធ្វើកម្មវិធីទិវាបរិស្ថាននេះ គឺក្នុងគោលបំណង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យចូលមកលេងកម្សាន្តនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តប៉ៃលិន ឱ្យកាន់តែច្រើនកុះករ ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការលក់ដូរនំចំណី គ្រឿងបរិភោគនានាកាន់តែដាច់កាក់កបផងដែរ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ខេត្តប៉ៃលិន ដែលជាទឹកដីត្បូងពេជ្រ កាន់តែមានការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ មានការរីកចម្រើនជឿនលឿន ជាពិសេសច្រកទ្វារអន្តរជាតិព្រំ មានការតុបតែងភ្លើងបំភ្លឺនាពេលយប់ ដែលបញ្ចេញពន្លឺជះយ៉ាងត្រចះត្រចង់ដូចពេលថ្ងៃ ដែលមិនមានការលំបាក ឬព្រួយបារម្ភ ក្នុងការធ្វើដំណើរនា ពេលយប់នោះឡើយ៕ ដោយ ៖ នីយ៉ា