ទេសរដ្ឋមន្ត្រី មាស សុភា នាំអំណោយសម្តេចតេជោ ហ៊ុន សែន ចែកពលរដ្ឋរងគ្រោះដោយទឹកជំនន់ជិត៧០០គ្រួសារនៅស្រុកគូលែន

ព្រះវិហារ៖ ឯកឧត្ដម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បាននាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន៦៦៧គ្រួសារ ក្នុងស្រុកគូលែន ខេត្តព្រះវិហារ។

សកម្មភាពនេះអមដំណើរដោយលោកអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងអនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន រួមនិងមន្ដ្រីរាជការជាច្រើនរូបទៀត នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្ដម ទេសរដ្ឋមន្ត្រីបានថ្លែងលើកឡើងនូវការចូលរួមសោកស្តាយចំពោះគ្រោះធម្មជាតិទឹកជំនន់កន្លងមក ដែលបានធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែង ផលដំណាំ ពិសេសប៉ះពាល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ ប៉ុន្តែក្រោមការដឹកនាំ និងយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្រោយស្ថានភាពទឹកជំនន់បានស្រកចុះ សម្តេចបានដាក់បញ្ជារដល់ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្ត ក្រុង ស្រុក ត្រូវនាំស្បៀងសង្គ្រោះបន្ទាន់ និងគ្រាប់ពូជបន្លែនានាយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ ដើម្បីឱ្យប្រជាពលរដ្ឋស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។

អំណោយដែលនាំមកចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់សរុបចំនួន៦៦៧គ្រួសារ នៅស្រុកគូលែនពេលនេះ គឺក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអីវ១យួរ ត្រីខ១យួរ ទឹកសុទ្ធ១កេស និងគ្រាប់ពូជបន្លែរួមផ្សំចំនួន៦មុខផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *