ភ្នំពេញ ៖ គ្រឿងញៀនប្រមាណជាង២០០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចដកហូតនិងរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រងចាំការស្រាវជ្រាវបន្ថែម បន្ទាប់ពីបានឆែកឆេរនិងរកឃើញនៅក្នុងរថយន្តពាក់ស្លាកលេខ ខ.ម ក្រោយពីជួបគ្រោះថ្នាក់ចរាចរកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ រវាងរថយន្តបង្កម៉ាក IZUSU Hi-Lander ពណ៌ទ្រេអ៉ី ពាក់ស្លាក លេខ ខេមរភូមិន្ទ 02 2-1415 បើកបរដោយបុរសម្នាក់ រួមដំណើរដោយបុរសម្នាក់ទៀត បានបើកបរក្នុងល្បឿនលឿន ទៅបុករថយន្តពីរគ្រឿងរងការខូចខាត នៅតាមបណ្តោយផ្លូវជាតិលេខ១ ទល់មុខសំណង់លំនៅដ្ឋានវាលស្បូវ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រោយមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត សមត្ថកិច្ចបានដាក់ការសង្ស័យ រហូតធ្វើការឆែកឆេររថយន្តដែលមានស្លាកលេខ ខេមរភូមិន្ទ ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ បុករះទៅលើរថយន្ត២គ្រឿងទៀត ពេលនោះសមត្ថកិច្ចបានរកឃើញមានកេសឡាំងបិតស្កុតជុំវិញ ចំនួន០៦កេស សង្ស័យជាសារធាតុញៀន ត្រូវបានដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ជាបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវជាបន្ត។
លោកវរសេនីយ៍ទោ ឡូ ភារម្យ អធិការរងទទួលផែនប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ក្រោយមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងដែលពាក់ស្លាកលេខ ខេមរភូមិន្ទ បានបុកជាមួយនឹងរថយន្តពីរគ្រឿងទៀត កម្លាំងជំនាញបានចុះទៅដល់ទីតាំងកើតហេតុ ពិនិត្យឃើញថាមានសារភាពញៀន ពេលនោះកម្លាំងមូលដ្ឋានបានទំនាក់ទំនងជាមួយនឹងការិយាល័យជំនាញ បានចុះមកត្រួតពិនិត្យ និងដកហូតបានសារធាតុញៀនចំនួន២០០គីឡូក្រាម។ ចំណែកម្ចាស់រថយន្តរងគ្រោះទាំង២គ្រឿង បានយករថយន្តទៅជួសជុលដោយខ្លួនឯង ដោយមិនចង់វែងឆ្ងាយ។
គួរបញ្ជាក់ផងដែថា កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តបង្កម៉ាក IZUSU Hi-Lander ពណ៌ទ្រេអ៉ី ពាក់ស្លាកលេខ ខេមរភូមិន្ទ02 2-1415 បើកបរដោយបុរសម្នាក់ រួមដំណើរដោយបុរសម្នាក់ទៀត បានបើកបរក្នុងល្បឿនលឿន ទៅបុករថយន្តពីរគ្រឿងរងការខូចខាត ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ទល់មុខសំណង់លំនៅដ្ឋានវាលស្បូវ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីភាគីរងគ្រោះ ដែលជាម្ចាស់រថយន្ត តូយ៉ូតាព្រូស ពណ៌ស ដែលមានស្លាកលេខ ភ្នំពេញ 2AL-1235 បានឲ្យដឹងថា មុនពេលកើតហេតុខ្លួនបានធ្វើដំណើរឆ្លងផ្លូវ ចេញពីក្លោងទ្វារសំណង់លំនៅដ្ឋានវាលស្បូវឆ្លងទៅផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច គោលបំណងទៅភ្នំពេញ ស្រាប់តែត្រូវរថយន្តបង្កបើកបរក្នុងល្បឿនលឿន មកបុករថយន្តរបស់ខ្លួនពេញទំហឹង បណ្តាលឲ្យខូចខាតផ្នែកខាងឆ្វេង តែសំណាងល្អមិនរងរបួស។
បន្ថែមទៀតនោះ ភាគីរងគ្រោះម្នាក់ទៀត ដែលបើកបររថយន្ត CR-V ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2H-7699 រួមដំណើរជាមួយជនបរទេសប្រុសស្រី២នាក់ បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិច តាមពីក្រោយរថយន្តរងគ្រោះទី១ ក្នុងទិសដៅស្របទិសគ្នា គោលបំណងទៅភ្នំពេញ ដូចគ្នា លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញរថយន្តបង្ក បើកបរលឿន ក្នុងទិសដៅពីលិចមកកើត បញ្រ្ចាសទិសគ្នា រេចង្កូតទៅបុករថយន្តព្រូសពេញទំហឹង ភ័យពេកខ្លួនបានបួងចង្កូតមកស្តាំ តែមិនផុត ត្រូវរថយន្តបង្កបុកចំពីមុខផ្នែកខាងឆ្វេង បណ្តាលឲ្យរងការខូចខាត។ ភ្លាមៗនោះខ្លួនបានព្យាយាមឃាត់ម្ចាស់រថយន្តបង្ក ឲ្យទទួលខុសត្រូវ តែភាគីបង្កមិនខ្វល់ នាំគ្នាចុះពីរថយន្ត រត់គេចខ្លួនបាត់៕