ប្រកាសចូលកាន់តំណែងជូនអភិបាលក្រុង/ស្រុក នាយករដ្ឋបាលសាលាខេត្ត/ស្រុក អភិបាលអភិបាលរងក្រុង/ស្រុក និងមន្រ្តីប្រធានច្រកទ្វារអន្តរជាតិព្រំ

ខេត្តប៉ៃលិន ៖ ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាលក្រុង/ស្រុក នាយករដ្ឋបាល ខេត្ត/ស្រុក ដែលបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តប៉ៃលិន នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជំរុញអភិបាលក្រុង/ស្រុក រួមទាំងនាយករដ្ឋបាលខេត្ត និងនាយករដ្ឋបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងគ្រប់លំដាប់ថ្នាក់ ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពចំនួន៥។

លោកជំទាវ បន្តទៀតថា ទី១៖ ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការទំនាក់ទំនងការងារឱ្យបានល្អនៅក្នុងគណៈអភិបាលខេត្ត ក្រុង ស្រុក មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តរភាពការងារ ឲ្យមានភាពល្អប្រសើរ។ ទី២៖ បន្តអនុវត្តវិធានការ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការដោះស្រាយផលប៉ះពាល់ ដែលបណ្តាលមកពីវិបត្តិនៃជំងឺនេះ។ ទី៣៖ អាជ្ញាធរមូលដ្ឋានជាប់ព្រំដែនប្រទេសជិតខាង និងកងកម្លាំងសមត្ថកិច្ច ត្រូវបង្កើនកិច្ចសហការក្នុងការគ្រប់គ្រងព្រំដែនសំដៅថែរក្សាការពារឱ្យបានល្អ នូវបូរណភាពទឹកដី អធិបតេយ្យភាព រក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ។ ពង្រឹង និងលើកំពស់ទំនាក់ទំន ងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនៃប្រទេសជិតខាង ដើម្បីជំរុញកិច្ចអភិវឌ្ឍតាមតំបន់ព្រំដែន។ ទី៤៖ ត្រូវចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព។ ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈក្នុងការបំពេញការងារ របស់មន្ត្រីក្នុងការបំពេញការងារ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលនានាកាន់តែងាយស្រួលឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។ រដ្ឋបាលក្រុង ស្រុក ត្រូវជួយគាំទ្រ ឃុំ សង្កាត់ ក្នុងការរៀបចំយន្តការច្រកចេញចូលតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋមកស្នើសុំ និងទទួលសេវាស្របតាមសេចក្ដីណែនាំ ដែលនៅថ្នាក់ឃុំសង្កាត់ មានតួអង្គស្នូលចំនួន៥ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ រួមមាន៖ ១- មេឃុំ/ចៅសង្កាត់ ២- ស្មៀនឃុំ សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ ៤-មណ្ឌលសុខភាព និង៥-មេភូមិ។ ទី៥៖ ត្រូវចូលរួមបង្កើនកិច្ចសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការថែរក្សា ពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដូចជា ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈការបន្តជំរុញ និងបំផុសចលនាឱ្យមានការចូលរួមអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលមានលក្ខណ:សម្បត្តិ៧យ៉ាង ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងភូមិសាស្ត្រក្រុងស្រុករបស់ខ្លួន។ ម្យ៉ាងវិញទៀត ត្រូវចូលរួមក្នុងការប្រកួតស៊ីហ្គេម ដែលកម្ពុជាជាម្ចាស់ផ្ទះ នាពេលឆ្នាំខាងមុខនេះ។

សូមបញ្ជាក់ថា ៖ មន្រ្តីរាជការដែលត្រូវបានប្រកាសចូលកាន់តំណែងនៅថ្ងៃនេះរួមមាន៖

ទី១៖ លោក លី សុងហ៊ី ជាអភិបាលក្រុងប៉ៃលិន ទី២៖ លោក សៀ សុខុម ជាអភិបាលស្រុកសាលាក្រៅទី៣៖ លោកស្រី ជា ដាណែត ជានាយករដ្ឋបាលខេត្តប៉ៃលិន ទី៤៖ លោក លឹម វណ្ណា ជាអភិបាលរងក្រុងប៉ៃលិន ទី៥. លោក គឹម សុខា ជាអភិបាលរងស្រុកសាលាក្រៅ ទី៦. លោកស្រី ស៊្រី ចាន់អេង ជាអភិបាលរងស្រុកសាលាក្រៅ ទី៧. លោក កង លីឈួ ជានាយករដ្ឋបាលស្រុកសាលាក្រៅ

ទី៨. ប៉ិច បិន ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែននៃច្រកទ្វារអន្តរជាតិព្រំ ជំនួសឱ្យលោក ខឹម ប៉េងតុង ដែលត្រូវប្តូរទៅនៅកន្លែងដើមវិញ ទី៩. លោក សំ សារ៉េត អតីតអភិបាលស្រុកសាលាក្រៅ មកបម្រើការងារនៅរដ្ឋបាលខេត្តប៉ៃលិនុ ទី១១. លោក ស៊ុន យី អតីតអភិបាលក្រុងប៉ៃលិន មកបម្រើការងារនៅរដ្ឋបាលខេត្តប៉ៃលិន៕ ដោយ ៖  នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *