ព្រះវិហារ ៖ ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់កន្លងមក ចំនួន ១១៨៦គ្រួសារ នៅឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានទទួលស្បៀង និងគ្រាប់ពូជបន្លែ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ។
ការទទួលនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។
ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត ស្រុក កងកម្លាំងទាំង៣ និងមន្ត្រីថ្នាក់មូលដ្ឋាន ឋិតក្រោមបរិយាកាស ដែលប្រទេសកំពុងមានសុខសន្តិភាព ។
លោកវុធ តារា អភិបាលស្រុកជាំក្សាន្តបានឲ្យដឹងថា៖ ស្រុកជាំក្សាន្តបានរងខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀងខ្លាំង បានបង្កផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងប៉ះពាល់ដល់ផលិតកម្មដំណាំកសិកម្មយ៉ាងធ្ងន់ធ្ងរ ពិសេសដំណាំដំឡូងមី និងស្រូវវស្សា។ ក្នុងនោះប៉ះពាល់ដល់ដំណាំស្រូវវស្សាចំនួន ៤៣៨៩ហិកតា, ខូចខាតចំនួន ១១៥៨ហិកតា, និងប៉ះពាល់ដល់ដំណាំដំឡូងមីចំនួន ៣១៧១ហិកតា, ខូចខាតចំនួន ១៥៥៧ហិកតា, ស្មើនឹង ៣៤៩៥គ្រួសារ ។
លោកវុធ តារា បានបញ្ជាក់ឲ្យដឹងដែរថា៖ ឃុំកន្ទួត បានរងផលប៉ះពាល់លើដំណាំស្រូវ ចំនួន ១២០០ហិកតា, ខូចខាត ចំនួន ៣៣៦ហិកតា, និងប៉ះពាល់ដល់ដំណាំដំឡូងមី ចំនួន ៦០៩ហិកតា, ខូចខាតចំនួន ៥៦០ហិកតា, ស្មើនឹង ១១៨៦គ្រួសារ ។
ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ បានមានប្រសាសន៍ថា សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូពីភាពសុខទុក្ខ និងផ្ញើការនឹករលឹក ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេស ប្រជាពលរដ្ឋដែលធ្លាប់រងគ្រោះដោយទឹកជំនន់នាពេលកន្លងមក ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។
ឯកឧត្តម មាស សុភា មានប្រសាសន៍ថា៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ក្រៅពីធ្វើឱ្យប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ទាំងអស់នេះក៏អាស្រ័យលើប្រទេសមាន សន្តិភាពស្ថិរភាព និង សន្តិសុខសង្គមផងដែរ។ ដូច្នេះយើងទាំងអស់ត្រូវរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន បានខិតខំដោយលំបាក ដើម្បីយើងមានឱកាស អភិវឌ្ឍប្រទេសជាតិរបស់យើង ឱ្យមានការរីកចម្រើនជាបន្តទៀត៕