ទំនប់អាងទឹក ១មករាស្រុកបារាយណ៍ បាក់ស្រុតប្រហែល ៦០ម៉ែត្រ អាចប៉ះពាល់ស្រូវប្រាំងរបស់ប្រជាកសិករបើមិនមានអន្តរាគមន៍ទាន់ពេល

កំពង់ធំ៖ ទំនប់ទឹក ១មករា(ស្ទឹងជីនិត) ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបាក់ស្រុតប្រហែល ៦០ម៉ែត្រ។ហេតុការណ៍នេះមិនបានបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សទេតែបានបន្លិចទូករបស់ប្រជាពលរដ្ឋប្រាំគ្រឿង។ប៉ុន្តែអ្វីជាក្តីបារម្ភគឺអាចបង្កឱ្យបាត់បង់ទឹកសម្រាប់ធ្វើស្រែប្រាំង។

ប្រជាពលរដ្ឋបានរៀបរាប់ស្រដៀងៗគ្នាថា ទំនប់ទឹក១មករាជាប្រភពទឹកយ៉ាងសំខាន់សម្រាប់ប្រជាកសិករចំនួនបីស្រុកក្នុងនោះមានស្រុក បារាយណ៍,ស្រុកសន្ទុកនិងស្រុកតាំងគោកដែលកសិករធ្វើស្រូវប្រាំង។ដូចនេះហើយពួកគាត់សូមស្នើឱ្យអាជ្ញាធរពាក់ព័ន្ធមេត្តាជួយដោះស្រាយទប់ស្កាត់ដើម្បីរក្សាទឹកទុក ។

ពលរដ្ឋបានឱ្យដឹងថា ការបាក់ស្រុតទំនប់បានកើតឡើងកាលពីយបើថ្ងៃទី១២ខែវិច្ឆិកានេះ

តែសំណាង ប្រជាពលរដ្ឋមិនបាននៅកន្លែងកើតហេតុគ្រាន់តែបាត់បង់ទូកចំនួនប្រាំគ្រឿងប៉ុណ្ណោះ។ប្រសិនជាហេតុការណ៍ខាងលើនេះកើតឡើងចំថ្ងៃបុណ្យអុំទូក ឬចំថ្ងៃឈប់សម្រាកនោះប្រហែលអាចបង្កឱ្យគ្រោះថ្នាក់ដល់ភ្ញៀវ និងប្រជាពលរដ្ឋជាមិនខាន។

ប្រជាពលរដ្ឋបានបន្តថាអាងទឹកទំបន់១មករាខាងលើនេះបានសាងសង់រយៈពេលជិត២០ឆ្នាំមកហើយ។ឆ្នាំនេះស្ថានភាពទឹកខ្ពស់ជាងឆ្នាំមុននិងទឹកហូរខ្លាំងថែមទៀត។ដូច្នេះហើយទំនប់ទឹកបង្ហៀរមិនអាចទ្រទ្រង់បាន ។

ប្រជាកសិករវិញបានលើកឡើងថា ទឹកនៅក្នុងទំនប់អាំងទឹក ១មករានេះប្រសិនជាអាជ្ញាធរនិងមន្ត្រីជំនាញមិនអាចជួសជុលបានទាន់ពេល វេលាទេ ស្រូវប្រាំងរបស់ពូកគាត់ នឹងខូចខាតជាក់ជាមិនខានទេ ព្រោះស្រូវប្រាំងអស់នេះរំពឹងទឹកក្នុងអាំងទឹក ១មករា ។ ស្រូវប្រាំងទាំងអស់នេះជាងបួនពាន់ហិកតាដោយនៅជុំវិញទំនប់១ មករានេះ ។

លោកអ៊ួង សារឿន អភិបាលស្រុកបារាយណ៍ បានឱ្យដឹងតាមទូរស័ព្ទនាថ្ងៃទី១៣ ខែវិច្ឆិកានេះថាពាក់ព័ន្ធនឹងការបាក់ទំនប់ខាងលើនេះ ពុំមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរនិងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះឡើយហើយនៅពេលនេះដែរអាជ្ញាធររួមទាំងមន្ត្រីជំនាញពាក់ព័ន្ធកំពុងតែរកវិធីសាស្ត្រដើម្បីទប់ស្កាត់ទឹក ។ លោកអភិបាលស្រុកបារាយណ៍បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋាន នៅក្បែរទំនប់ទឹកមួយមករាខាងលើនេះឱ្យមានការប្រុងប្រយ័ត្ន ទោះបីស្ថានភាពទឹកនៅពេលនេះមានការស្រកចុះយ៉ាងណាក្តី។

You might like

Leave a Reply

Your email address will not be published. Required fields are marked *