កំពង់ឆ្នាំង:ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានលើកឡើងថារាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន តែងបានអនុវត្តគោលនយោបាយប្រកបដោយធម៌ជាកត្តាអាទិភាពចម្បងនៅក្នុងគ្រប់កិច្ចការ និងគ្រប់ដំណាក់កាលទាំងអស់ ទាំងការសង្គ្រោះអាយុជីវិត, ការបង្កើតដង្ហើមសេដ្ឋកិច្ច, ការបង្កើនឱកាសការងារ, ការបង្កលក្ខណៈដល់ការអនុវត្តសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ជូនប្រជាពលរដ្ឋ រហូតទទួលបានការស្រលាញ់ជឿជាក់ និងក្តីទុកចិត្តជានិច្ចនិរន្តរ៍តរៀងមក។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងពិធីស្រោចស្រពសុគន្ធវារី ប្រកាសព្រះរាជក្រឹតប្រទានគោរមងារ ប្រគេនព្រះមេគណខេត្តកំពង់ឆ្នាំង និងសម្ពោធសមិទ្ធផលនានា នៅក្នុងវត្តអារញ្ញិការាម ក្រុងកំពង់ឆ្នាំង, ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២៖
មេបញ្ជាការកងទ័ពជើងគោក បានបន្តទៀតថាពិតណាស់ ការរីកចម្រើនទាំងនេះ បានឆ្លុះបញ្ចាំងពីតថភាពនៃការអភិវឌ្ឍឥតឈប់ឈររបស់សង្គមជាតិ ក្រោមម្លប់នៃសុខសន្តិភាពពេញលេញ នៅក្រោយការបញ្ចប់ទាំងស្រុងនូវសង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃ ដែលប្រជាជាតិដ៏កំសត់នេះបានឆ្លងកាត់អស់កាលរយៈកាលជាង ៥០០ ឆ្នាំកន្លងមក។ សក្ខីភាពទាំងនេះ ក៏បានសរបញ្ជាក់ផងដែរអំពីតម្លៃមហាសាលនៃសន្តិភាព ដែលប្រៀបបានទៅនឹងខ្យល់អុកស៊ីសែន ដែលមនុស្សត្រូវការជាចំបាច់សម្រាប់ដកដង្ហើម ដើម្បីរស់រានមានជីវិត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវមោទនភាពចំពោះការអភិវឌ្ឍរីកចម្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្ររបស់ខេត្តកំពង់ឆ្នាំង និងសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការរដ្ឋបាលខេត្ត និងមន្ទីរជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងលោកគ្រូអ្នកគ្រូ ដែលបាននិងកំពុងយកចិត្តទុកដាក់លើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ។ ជាមួយគ្នានេះផងដែរ ក៏សូមអរគុណដល់គណៈកម្មាធិការគណបក្សខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងសាខាបក្សភូមិ ព្រមទាំងក្រុមការងារចុះមូលដ្ឋានគ្រប់យន្តការនៅក្នុងមូលដ្ឋានក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលបាននៅកៀកជិតស្និទ្ធបម្រើប្រជាជនដូចភ្លៀងរលឹម ដោយមិនគិតពីការនឿយហត់ និងប្រកបដោយការលះបង់គ្រប់បែបយ៉ាង ដើម្បីផ្តល់ភាពកក់ក្តៅ និងស្នាមញញឹមជូនប្រជាពលរដ្ឋតាមមូលដ្ឋាន រហូតទទួលបាននូវទំនុកចិត្តដ៏លើសលប់ក្នុងគ្រប់អាណត្តិនៃការបោះឆ្នោតកន្លងមក។ គណប្រជាជនកម្ពុជាមានភាពរឹងមាំ គឺដោយសារកម្លាំងសាមគ្គីភាពដ៏ស្អិតរមួតរបស់ថ្នាក់ដឹកនាំ និងប្រតិបត្តិករគ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងការគាំទ្រដ៏ស្មោះស្ម័គ្រពីសំណាក់ប្រជាជនជាម្ចាស់ស្រុក ៕