ថ្នាក់ដឹកនាំខេត្តកំពង់ចាម ប្រារព្ធពិធីគោរព ព្រះវិញ្ញាណក្ខន្ត ព្រះករុណាព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១០ ឆ្នាំ

កំពង់ចាម:ដើម្បី  រំលឹកនូវស្នាគ្រហស្ថ ក៏ដូចជា ការថ្វាយមហាព្រះរាជកុសល ដល់ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី ១៥ តុលា ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម រួមជាមួយ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រារព្ធពិធីគោរព ព្រះវិញ្ញាណក្ខន្ត ព្រះករុណាព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១០ ឆ្នាំ ដែលពិធីនេះ បានរៀបចំយ៉ាងអធិកអធមបំផុត នៅសាលសន្និសីទសាលា ខេត្តកំពង់ចាម ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២២ នេះ ។

ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ស្ថានប័នជុំវិញក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ ព្រះសង្ឃ និងតំណាងប្រជាពលរដ្ឋ ជាច្រើននាក់ ផងដែរ ។

ក្នុងសុន្ទរកថា របស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចូលរួមសម្ដែងនូវទឹកមុខស្រពាប់ស្រពោន ក្រៀមក្រំ និងសោកស្ដាយយ៉ាងក្រៃលែង ដើម្បី ចូលរួមគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សី ហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋគម្រប់ខួប ១០ឆ្នាំ ដែលព្រះអង្គបានយាងចូលទីវង្គត់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ កន្លងទៅ ។ ការចូលទីវង្គត់ របស់ព្រះបរមរតនកោដ្ឋ គឺជាការបាត់បង់វីរៈមហាក្សត្រមួយព្រះអង្គ ដ៏ឆ្នើមបំផុត របស់ព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះបិតាឯករាជ្យជាតិ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានបូជាព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បី បុព្វហេតុឯករាជ្យបូរណភាពទឹកដី បង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ។ ដូច្នេះ ដើម្បី ការតបស្នងនូវព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ទូលព្រះបង្គំព្រះករុណាខ្ញុំ រួមជាមួយ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ទូទាំងខេត្ត សូមលើកហាត់ប្រណមកំបង់អញ្ជលី ថ្វាយមហាព្រះរាជកុសល ចំពោះ ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះអង្គយាង ទៅកាន់ឋានបរមសុខ សួរគ៌ាល័យ កុំបីឃ្លៀងឃ្លាតឡើយ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម អុន ចាន់ដា អភិបាល ខេត្តកំពង់ចាម  ក៏បានរំលឹកឡើង អំពីស្នាព្រះហស្ថ របស់ព្រះអង្គ ដែលនៅគង់ព្រះជន្ម ដើម្បី ប្រគេនជូនដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងអង្គពិធីជ្រាបចាប់តាំងពីឆ្នាំ១៨៤៧ រៀងមក ជាពិសេស ការរំលឹកអំពីសមិទ្ធផលធំៗ កើតមាននៅតាមបណ្ដាខេត្ត ក្រុងនានា ជាច្រើនឥតគណនា ត្រូវបានស្ថាបនា និងកសាងឡើង ក្នុងសម័យព្រះអង្គ គ្រប់គ្រងដឹកនាំប្រទេសកម្ពុជា ។ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សី ហនុ នាសម័យសង្គមរាស្ត្រនិយម ខ្មែរបានថ្វាយព្រះនាមព្រះអង្គថា ជាព្រះបិតាឯករាជ្យជាតិ ព្រះបិតាសិក្សាធិការជាតិ ព្រះបិតាសុខាភិបាលជាតិ ព្រះបិតាកីឡាជាតិ ព្រះបិតាស្ថាបនាជាតិ ។

ដោយឡែក នៅឆ្នាំ ១៩៥៥ ក្រោមព្រះរាជកិច្ចដឹកនាំ របស់ព្រះអង្គ ប្រទេសកម្ពុជា បានចូលជាសមាជិក របស់អង្គការសហប្រជាជាតិ ផងដែរ ។

សូមបញ្ជាក់ដែរថា ពិធីខាងលើនេះ បាននិមន្ត ព្រះសីលសំវ ប៊ត តាំងចេង ព្រះមេគណខេត្តកំពង់ចាម និងព្រះអនុគណ នៅក្នុងខេត្ត ចំនួន ៩ អង្គ ដើម្បី សូត្រស្វាធ្យាយជ័យន្តោ និងសូត្រពុទ្ធជ័យមង្គល ដើម្បី ឧទ្ទិសថ្វាយទៅឌួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមឲ្យព្រះអង្គយាង ទៅកាន់ទីឋានបរមសុខ  កុំបីឃ្លៀងឃ្លាតឡើយ ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *