សមត្ថកិច្ចស្រុកពញាឮ ចាប់ខ្លួនបុរសម្នាក់ដែលដើរលក់ថ្នាំញៀនដូចលក់ស្ករគ្រាប់ រហូតសល់លុយទិញបានម៉ូតូមួយគ្រឿង

កណ្តាល ៖ បុរសម្នាក់ដើរលក់ថ្នាំញៀនដូចលក់ស្ករគ្រាប់ រហូតសល់លុយទិញបានម៉ូតូមួយគ្រឿង ចុងក្រោយត្រូវបានប៉ូលិសស្រុកពញាឮ ចាប់ខ្លួននាថ្ងៃសៅរ៍ ទី០៩ ខែ កក្កដា ឆ្នាំ២០២២ វេលា ម៉ោង១និង១៥នាទី នៅចំណុចផ្លូវបេតុង ភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យឈ្មោះ សឿ ប្រុស ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកក្រាម២ ឃុំកោះចិន ស្រុក ពញាឮ ខេត្តកណ្តាល  ( មានសារធាតុញៀនក្នុងទឹកនោម )។វត្ថុតាងចាប់យករួមមាន ១-សារធាតុញៀនមេតំហ្វេតាមីន(ice) ចំនួន ០៣កញ្ចប់ (កញ្ចប់ធំ០១និងកញ្ចប់តូច០២ ), ២-ម៉ូតូមួយគ្រឿងម៉ាកHONDA Nex ពណ៌សខ្មៅ ពាក់ស្លាកលេខ កណ្តាល 1F-5434និង ៣-ទូរសព្ទចំនួនមួយគ្រឿងម៉ាក OPPO។

ប៉ូលិសបន្តថា ដំបូងមានប្រជាពលរដ្ឋល្អបានរាយការណ៍មកប៉ូលិសផ្នែកជំនាញថា «មានជនសង្ស័យឈ្មោះ ខាងលើបានចេញដំណើរយកថ្នាំញៀនទៅលក់នៅភូមិសាស្រ្តឃុំកំពង់លួងហើយ»។ បន្ទាប់ពីទទួលព័ត៌មានភ្លាមកម្លាំងប៉ូលិសផ្នែកជំនាញ សហការ ជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលកំពង់លួង បានចុះល្បាតឃ្លាំមើល ពេលដល់កន្លែងកើតហេតុ  ឃើញជនសង្ស័យមានសភាពគួរឱ្យសង្ស័យដូចមហាជនរាយការណ៍មែន។ ភ្លាមនោះកម្លាំងប៉ូលិសក៏បង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះខាងលើ និងបានឆែកឆេរ រកឃើញចាប់យកវត្ថុតាង និងនាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាន ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច ,ជនសង្ស័យ បានសារភាពថា «ថ្នាំញៀន ដែលខ្លួនយកមកធ្វើសកម្មភាពលក់រាល់ថ្ងៃ គឺខ្លួនទិញមកតាមរយៈឆាតទូរសព្ទអាខោនហ្វេសប៊ុកឈ្មោះ «Rith Rith Rith Rith »ភេទប្រុស នៅភ្នំពេញ ដោយទិញម្តងៗ ចាប់ពីមួយលានរៀល ហើយថ្នាំញៀនដែលសមត្ថកិច្ច ដកហូតបាននេះ កំពុងយកទៅដើរលក់ឱ្យគេនៅម្តុំភូមិពាមលង្វែក ។ ចាប់តាំងពីលក់ថ្នាំញៀន មកគឺសល់លុយទិញបានម៉ូតូមួយគ្រឿង ជិះធ្វើសកម្មភាពបន្ត»។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕ដោយ៖ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *