ខេត្តស្វាយរៀង៖ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៥៥ ឆ្នាំ ថ្ងៃបង្កើតទំនាក់ទំនាក់ទំនងការទូតកម្ពុជា-វៀតណាម នៅថ្ងៃ ព្រហស្បតិ៍ ទី ៧ ខែកក្កដា ឆ្នាំ ២០២២ គណៈកម្មាធិការសមាគមន៍នារីកម្ពុជា ដើម្បីអភិវឌ្ឍន៍ខេត្តស្វាយរៀង បានទទួល និងរៀបចំកម្មវិធី ស្តីពីចំណងមេត្រីភាពជួយឧបត្ថម្ភដល់ស្ត្រីនិង កុមារមានជីវភាពខ្វះខាតក្នុងខេត្ត ស្វាយរៀងចំនួន ៤០០ គ្រួសារ ក្នុង ស្រុកស្វាយទាប ១៥០ គ្រួសារ ស្រុករំដួល ១៥០ គ្រួសារ និងស្រុក រមាសហែក ១០០ គ្រួសារ និងត្រៀមផែនការរៀបចំពិធីចុះហត្ថលេខាកិច្ចសហប្រតិបត្តិការ រវាងសមាគមន៍ សហព័ន្ធនារីខេត្តតៃនិញ និងសមាគមន៍នារីកម្ពុជាដើម្បីអភិវឌ្ឍន៍ខេត្តស្វាយរៀង ។
ក្រោមអធិបតីភាព លោកជំទាវ ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាប្រធានកិត្តិយសសមាគមនារីខេត្ត និងប្រតិភូ វៀតណាមដឹកនាំដោយលោកស្រី ផាន ធិធ្វីវឹន ប្រធានសមាគមន៍សហព័ន្ធនារីខេត្តតៃនិញ ។ បន្ទាប់ពីលោជំទាវ ពៅ សុភាព ប្រធានសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត មានមតិស្វាកមន៍រួចមក លោកជំទាវ ដួង វណ្ណា បានសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្ស គណៈកម្មាធិការប្រជាជនខេត្តតៃនិញ សមាគមន៍សហព័ន្ធនារីខេត្ត និងបងប្អូនប្រជាជនវៀតណាម ដែលជានិច្ច ជាកាលតែងតែជួយឧបត្ថម្ភគាទ្រដល់ប្រជាជនកម្ពុជាតាំពីដើមរៀងមក ក្នុងន័យជាអ្នកជិតខាងល្អរបស់កម្ពុជា ជាក់ស្តែងថ្ងៃនេះ គណៈប្រតិភូរបស់សមាគមន៍សហព័ន្ធនារីខេត្ត បាននាំយកអំណោយមនុស្សធម៌ ជាគ្រឿង បរិភោគចំនួន ៤០០ កញ្ចប់ ដើម្បីចែកជូនដល់ស្ត្រី និងកុមារមានជីវភាពខ្វះខាតក្នុងស្រុក ៣ នៃខេត្តស្វាយរៀង ដែលជាខេត្តជាប់ព្រំដែន ។
លោកជំទាវបានបន្តទៀតថា ក្នុងរយៈពេលជាង ២ ឆ្នាំកន្លងទៅនេះ ការរីករាលដាល នៃជំងឺកូវីដ-១៩ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើប្រជាពលរដ្ឋជាពិសេសស្ត្រី និងកុមារនៅក្នុងប្រទេសកំពុង អភិវឌ្ឍន៍ ។ ដោយឡែកនៅកម្ពុជាក៍មិនខុសពីប្រទេសនានាលើពិភពលោកដែរ ភាពបាត់បង់ការងាររបស់ស្ត្រី ការមិនបានចូលរៀនរបស់កុមារ គឺជាបញ្ហាយ៉ាងស្រួចស្រាលបំផុតរបស់ពួកគេ ។
លោកជំទាវ ដួង វណ្ណា បានបញ្ជាក់ទៀតថា កម្ពុជាបានធូរស្រាលពីជំងឺកូវីដ-១៩ដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាជនកម្ពុជា ដែលមកដល់ពេលនេះជិត ២ ខែហើយដែលប្រទេសយើង ពុំមានការឆ្លងថ្មីច្រើនដូចពីមុន ។
តែទោះជាយ៉ាងនេះក្តី ការស្តារឡើងវិញ នៃសេដ្ឋកិច្ច សង្គមក្រោយវិបត្តិកូវិដ-១៩ នៅតែជាបញ្ហាសម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងកុមារ ក្នុងគ្រួសារស្ត្រីមេម៉ាយខ្វះកម្លាំង ពលកម្ម ពិការ ចាស់ជរាកុមារកំព្រា ទាំងនេះទាមទារឲ្យគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកត្រូវយកចិត្តទុកដាក់គិតគូ ដោះស្រាយបញ្ហាជីវភាពរបស់បងប្អូននារី និងកុមារនៅកម្ពុជា ។