ខេត្តកណ្ដាល៖ ស្ពានបាក់ចង្ការមួយខ្សែមានប្រវែងប្រមាណជាង ៦០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ ស្ថិតនៅភូមិពាមផ្ទាលកើត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ត្រូវបានលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ប្រកាសផ្ដល់ជូនតាមសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធឆ្លង កំផែងគ្រឹះការពារច្រាំងអន្លង់អភិរក្សមច្ចាជាតិ សមិទ្ធផលនានា និងស្រោចស្រពសុគន្ធារី ប្រគេន ព្រះគ្រូបញ្ញាបទីបោ ជួន ណារៀម ឡើងជាទីប្រឹក្សាផ្ទាល់ សម្ដេចព្រះមហាសុធាធិបតី កិត្តិបណ្ឌិត នន្ទ ង៉ែត សម្តេច ព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សមុហ៍សាលាអនុគណស្រុកកោះធំ និងជាចៅអធិការវត្តជ្រោយ នៅភូមិពោធិ៍មិត្ត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ២០២២ ។
លោក គង់ សោភ័ណ្ឌ បានបន្តថា បន្ទាប់ពីទទួលបាននូវសំណូមពររបស់ប្រជាពលរដ្ឋ ស្នើសុំសាងសង់ស្ពានបាក់ចង្ការ មួយកន្លែង ស្ថិតនៅភូមិពាមផ្ទាលកើត ឃុំលើកដែក ដែលមានសភាពចាស់ទ្រុឌទ្រោមខ្លាំង ។ បន្ទាប់ពីលោកបានចុះពិនិត្យមើលជាក់ស្ដែង នៅទីតាំងស្ពានបាក់ចង្ការរួចមក បានពិនិត្យឃើញថា ស្ពាននេះចាស់សាងសង់អំពីឈើមានសភាពតូចចង្អៀត និងចាស់ទ្រុឌទ្រោម ដែលតម្រូវឱ្យមានការសាងសង់ស្ពានថ្មីឡើងវិញ ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរស់នៅទីនេះផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋដែលត្រូវឆ្លងកាត់នៅទីនេះផងដែរ ។ លោក គង់ សោភ័ណ្ឌ បានប្រកាសទទួលយកនូវសំណូមពររបស់ប្រជាពលរដ្ឋ និងអាជ្ញាធរស្រុកកោះធំសិក្សាលំអិត ដើម្បីលើកយកសំណើនេះដាក់ចូលក្នុងផែនការ ហើយលោកក៏បានបញ្ជាក់បន្ថែមថា សំណើនេះនឹងទទួលបានការឆ្លើយតបយ៉ាងឆាប់រហ័សជូនបងប្អូនប្រជាពលរដ្ឋវិញផងដែរ ។
លោកបានបន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញលើផ្ទៃប្រទេស។ កត្តាសន្តិភាពនេះហើយ បានធ្វើឱ្យប្រទេសរបស់យើងមានការអភិវឌ្ឍលើគ្រប់វិស័យរួមទាំង វិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ជាក់ស្ដែងកំផែងគ្រឹះការពារច្រាំងអន្លង់អភិរក្សមច្ចាជាតិ និងសមិទ្ធផលនានា នៅវត្តជ្រោយ នាថ្ងៃនេះ ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាការពារសន្តិភាពនេះឱ្យបានគង់វង្សនៅស្ថិតស្ថេររហូតទៅ ។
ក្នុងឱកាសនោះដែរ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ គណ:កម្មការអាចារ្យ ចៅអធិការវត្ត សប្បុរសជន និងពុទ្ធបរិស័ទ ដែលបានរួមសហការយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់សម្រេចបាននូវសមិទ្ធផលក្នុងការក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលសំដៅលើកកម្ពស់លើការអភិវឌ្ឍគ្រប់វិស័យ ទាំងអាណាចក្រ និងពុទ្ធចក្រ៕