ខេត្តព្រះសីហនុ៖ លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ ដាំកូនកោងកាងឡើងវិញចំនួន ៧០០០ដើម លើផ្ទៃដីព្រៃលិចទឹកជាង ៧ហិតា ដែលបានរងការកាប់បំផ្លាញកន្លងមក នៅក្នុងភូមិជម្ពូរខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ៕
យោងរបាយការណ៍របស់ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានឱ្យដឹងថានៅក្នុងឆ្នាំ២០២១ ខណ្ឌរដ្ឋបាលជលផលកំពង់សោម បានបណ្តុះកោងកាង ចំនួន៥៥០០ដើម ស្ថិតនៅក្នុងស្រុកព្រៃនប់ និងក្រុងកោះរ៉ុង ដាំកោងកាង ចំនួន៤០០០ដើម ក្នុងផ្ទៃដីចំនួន ៤,៥០ហិកតា ស្ថិតនៅក្នុងស្រុកព្រៃនប់ និងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ហើយក្នុង រយៈពេល០៦ ខែដើមឆ្នាំ២០២២ បណ្តុះកោងកាង ចំនួន ៦០៥០០ដើម ស្ថិតនៅក្នុងស្រុកព្រៃនប់ និងក្រុងកោះរ៉ុង ដាំកោងកាង ចំនួន៣៦០០ដើម ក្នុងផ្ទៃដីចំនួន៥ហិកតា ស្ថិតនៅក្នុងស្រុកព្រៃនប់ និងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
លោក នេន ចំរើន បានបញ្ជាក់ថាមានជនខិលខូចមួយចំនួនបានលបលួចកាប់ទន្ទ្រានយកដី ព្រៃលិចទឹកកាន់កាប់ផ្ទាល់ខ្លួន ហើយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជំរុញដល់រដ្ឋបាលជលផល បន្តបណ្តុះ និងបន្តដាំកូនកោងកាងឡើងវិញជាបន្តបន្ទាប់ផងដែរ។
លោក អភិបាលរងខេត្តព្រះសីហនុ លើកឡើងថាព្រៃកោងកាងមានសារៈសំខាន់ ណាស់ ដោយវាជាជម្រកមច្ឆាជាតិពងកូន, ជាសម្បត្តិធម្មជាតិដែលទាក់ទាញភ្ញៀវទេសចរណ៍, វាជួយលើកកំពស់ជីវភាពដល់បងប្អូនកសិករក្រីក្រ នៅក្នុងតំបន់…។ល។ដែលចាំបាច់យើងត្រូវតែការពារឱ្យបាន។ លោក គង់ វិតាណៈ បានស្នើឱ្យមន្ត្រីជំនាញរដ្ឋបាលជលផល និងអ្នកពាក់ពន្ឋ័ទាំងអស់ ជាពិសេសអាជ្ញាធរមូលដ្ឋាន ភូមិឃុំ ផ្តល់នូវការគាំទ្រ សហការ ដើម្បីថែរក្សាអភិរក្ស ឱ្យបានគង់វង្ស និងត្រូវចាត់វិធានការផ្លូវច្បាប់ចំពោះជនណា ដែលកាប់បំផ្លាញព្រៃកោងកាង និងកាប់រានដីព្រៃលិចទឹក យកជាកម្មសិទ្ធ៕