ឯកឧត្តម តូច ប៉ូលីវ៉ា អញ្ជើញចូលរួមក្នុងពិធីសម្ពោធមណ្ឌលសិក្សាបរិស្ថានព្រៃសហគមន៍ត្រពាំងពិការ

ខេត្តស្វាយរៀង៖នៅថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២២នេះឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តតំណាងឯកឧត្តម ម៉ែន  វិបុល អភិបាលខេត្តស្វាយរៀងអញ្ជើញចូលរួមក្នុងពិធីសម្ពោធមណ្ឌលសិក្សាបរិស្ថានព្រៃសហគមន៍ត្រពាំងពិការដែលស្ថិតក្នុងភូមិ ត្រពាំងពិការ ឃុំ អំពិល ស្រុក រមាសហែក ខេត្តស្វាយរៀង។

ពិធីនេះផងក៏មានការអញ្ជើញចូលរួមពីលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក អស់លោក លោកស្រី ជាមន្ត្រី មន្ទីរស្ថាប័ន ដែលមានការពាក់ព័ន្អ អង្គការជាដៃគូនិង ប្រជាពលរដ្ឋជាច្រើនផងដែរ។

លោក រស់ សំអន នាយកស្តីទីអង្គការសន្តិសេនាបានមានមតិស្វាគមន៍និងធ្វើរបាយការណ៍ជួនគណអធិបតីនិងអ្នកចូលរួមក្នុងកម្មវិធី។

ក្នុងឱកាសនោះផងដែរឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តបានមានប្រសាសន៍លើកឡើងថា៖ក្នុងនាម ឯកឧត្តមម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងក្នុងនាមខ្លួនឯកឧត្តមផ្ទាល់ពិតជាមានសេចក្ដីសោមនស្សរីករាយឥតឧបមានិងសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនលោកស្រី Bim Bim អ្នកសម្របមស្រួលប្រចាំតំបន់អាស៊ីអាគ្នេយ៏ នៃអង្គការដែនដីមនុស្សអាឡឺម៉ង់ប្រចាំប្រទេសកម្ពុជាព្រមទាំងវត្តមាន អស់លោក លោកស្រី សមាជិក សមាជិកទាំងអស់ ដែលបានឆ្លៀតឱកាសយ៉ាងមមាញឹកអញ្ជើញចូលរួមក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់នៅមជ្ឈមណ្ឌលសិក្សាបរិស្ថានសហគមន៍នាពេលនេះ ។

ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា៖អនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ ប្រកបដោយគតិបណ្ឌិត បានធ្វើឲខេត្តស្វាយរៀង មានការប្រែប្រួលរីកចម្រើនគួរឲកត់សម្គាល់ ។ តាមរយៈការ អនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព បានធ្វើឲ្យសភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់មានលក្ខណៈ ល្អប្រសើរ ធានាដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ប្របកដោយសេចក្តីសុខសាន្ត នឹងការអភិវឌ្ឍខេត្តមានការ រីកចម្រើនប្រកបដោយចីរភាព ជាពិសេសផ្តល់ភាពអនុគ្រោះ និងបង្កលក្ខណៈងាយស្រួល ដល់ការវិនិយោគ ទាំងផ្នែកឯកជន និងដៃគូរអភិវឌ្ឍនានា និងមានការជឿជាក់ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និង បានបណ្តាក់ទុនវិនិយោគបង្កើនឱកាសការងារ ជូនប្រជាពលរដ្ឋ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ក្រោម ការដឹកនាំរដ៏ឈ្លាសវៃរបស់ សម្តេចតេជោ បានដាក់ចេញនូវកម្មវិធីនយោបាយ និងការកែទម្រង់ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយលើគ្រប់វិស័យឆ្ពោះ ទៅរកការអភិវឌ្ឍន៍ប្រកបដោយចិរភាព ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល កម្ពុជាក៏បានទទួលស្គាល់ផងដែរថា ការរីកចម្រើន និងការអភិវឌ្ឍន៍ រហូតដល់ពេលនេះ គឺពិតជាមានការ ចូលរួមពីគ្រប់ភាគីពាក់ព័ន្ឋ ក្នុងនោះមានដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអង្គការសង្គមស៊ីវិល ។

ជាក់ស្តែង សមិទ្ធិផល ដែលត្រូវធ្វើពិធីសម្ភោធដាក់ឲ្យប្រើប្រាស់នាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយដោយបាន បង្ហាញពីការចូលរួមរបស់អង្គការដៃគូរ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់អង្គការសន្តិសេនា ទទួល បានគាំទ្រមូលនិធីពីអង្គការដែនដីមនុស្ស និងក្រសួងសហប្រតិបត្តិការដើម្បីសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រទេស អាឡឺម៉ង់ សមិទ្ធិផលទាំងអស់នេះរួមមានសាលប្រជុំ ការិយាល័យសហគមន៍ កូនផ្ទះសំណាក់សហគមន៍ ស្រះ ចិញ្ចឹមត្រីសហគមន៍ និងកន្លែងផលិតកម្មមាន់យកស៊ុត និងភ្ញាស់យកកូនសហគមន៍ ទាំងអស់នេះជាការចូល រួមឆ្លុះបញ្ចាំងមួយដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងសហគមន៍អាចមានបំនិនជីវិតសម្រាប់ប្របករបរចិញ្ចឹមជីវិតបន្ថែម ក្រៅពីមុខរបរកសិកម្មផ្សេងទៀត នឹងអាចធ្វើឱ្យយុវជនរបស់យើងអាចមកសិស្សារៀនសូត្រ ដកស្រងបទ ពិសោធន៍ ជាពិសេសអាចតំបន់ទាក់ទាញភ្ញៀវទេសចរណ៍ចូលមកកម្សាន្តផងដែរ ។

ទន្ទឹមនេះ អង្គការសន្តិសេនា តែងតែបានចូលរួមឧបត្ថម្ភ គាំទ្រដល់សកម្មភាពរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងនៅមូលដ្ឋានផ្ទាល់ដើម្បីជា ប្រយោជន៏រួមដល់សហគមន៏ យុវជន និងកុមារតទៅថ្ងៃអនាគត។

អង្គការ សង្គមស៊ីវិលក្នុងស្រុក និងបរទេស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់និងគាំទ្រដល់សេវាសង្គមនៅតាមមូលដ្ឋានជនបទ និងសហគមន៍ ដាច់ស្រយាល និងធ្វើសកម្មភាពនៅគ្រប់ក្រុង ស្រុក ក្នុងវិស័យសំខាន់ៗ ដែលពាក់ព័ន្ឋនឹងសេដ្ឋកិច្ចសង្គម នៅក្នុងប្រទេសកម្ពុជាក៏ដូចជាក្នុងខេត្តស្វាយរៀងផងដែរ។

បច្ចុប្បន្ននេះ ខេត្តស្វាយរៀង មានអង្គការ សមាគម សហគមន៍មានចំនួន សរុប១៣៥ ដែលបានធ្វើសកម្មភាពក្នុងខេត្តស្វាយរៀងក្នុងនោះ អង្គការជាតិចំនួន២៥អង្គ ការ(ក្នុងនោះបង្កើតថ្មីមាន០១អង្គការ) អង្គការបរទេសចំនួន០៩អង្គការ (ក្នុងនោះបង្កើតថ្មីមាន០១អង្គការ) សមាគមមានចំនួន១១សមាគម(ក្នុងនោះបង្កើតថ្មីមាន០១សមាគម)និងសហគមន៍មានចំនួន ៩០ ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមក៏សូមសំណូមពរដល់ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងដៃគូ អភិវឌ្ឍន៍ សូមបន្តផ្តល់ការគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរឃុំ ស្រុក និងខេត្ត ក្នុងការលើកកម្ពស់សិទ្ឋិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ឲ្យកាន់តែមានភាពរីកចម្រើន រុងរឿង និងត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ លិខិតបទដ្ឋាន គតិយុត្តនានាជាធរមាន និងលក្ខន្តិកៈ របស់ខ្លួនដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងអនុស្សារណៈរបស់ ខ្លួនដែលបានតម្កល់ទុកនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាពិសេសត្រូវមានភាពស្មោះ ត្រង់ ក្នុងភាពជាដៃគូក្នុងការពង្រឹងសាមគ្គីភាពឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និង សូមសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋយើង ត្រូវខិតខំថែរក្សាសមិទ្ធិផលទាំង អស់នេះឱ្យបានល្អមានការរីកចម្រើនបន្ថែមទៀតដើម្បីទុកជាប្រយោជន៍រួមក្នុងសហគមន៍យើង ។

ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត  សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ លោក លោកស្រី គណៈអធិបតី និងតំណាង អង្គការដៃគូរទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភ និងគាំទ្រមកដល់មូលដ្ឋានខេត្តស្វាយរៀង គ្រប់ពេលវេលា ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *