ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តមម៉ែន វិបុល អភិបាល នៃគណ:អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តស្វាយរៀង។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានច្រកទ្វារព្រំដែនព្រៃវល្លិ៍ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀង ដែលបានសហការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានល្អទាំងការផ្តល់សេវាសាធារណៈ និងការថែរក្សាសន្ដិសុខ សុវត្ថិភាពសង្គម ជាពិសេសក្នុងកំឡុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២កន្លងទៅ។
ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១.បន្តយកចិត្តទុកដាក់លើបញ្ហាភូមិឃុំមានសុវត្ថិភាព ជាពិសេសទប់ស្កាត់បញ្ហាគ្រឿងញៀន ក្មេងទំនើង និងអំពើចោរកម្មផ្សេងៗជាដើម។
២. រៀបចំកម្មវិធីវេទិការសាធារណៈជូនដល់ក្រុមប្រឹក្សាខេត្ត។
៣.មន្ទីរ-អង្គភាព កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុង/ស្រុក ត្រូវសហការពង្រឹងការគ្រប់គ្រង និងការប្រមូលពន្ធដារ ពន្ធគយ និងពន្ធផ្សេងៗឲ្យបានត្រឹមត្រូវ និងគ្រប់តាមផែនការ ។
៤.រដ្ឋបាលក្រុង ស្រុកត្រូវណែនាំដល់ប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសជម្រុញឲ្យបានគ្រប់ៗគ្នា។
៥. ត្រូវត្រៀមលក្ខណៈរៀបចំបង្កើតគណកម្មការរៀបចំពិធីអុំទូកនៅច្រាំងទន្លេវ៉ៃគោខេត្តស្វាយរៀង។
៦.កាកបាទក្រហមកម្ពុជាខេត្តត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលាក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយបញ្ហាផ្សេងៗដូចជាគ្រោះធម្មជាតិជាដើម ។