ខេត្តប៉ៃលិន ៖ ក្រោយពីសង្កេតឃើញបុរសពិការឯកោម្នាក់ ប្រើដៃរុញរទេះជនពិការរបស់ខ្លួនឡើងទួលចុះចំណោតជារៀងរាល់ថ្ងៃ ដើម្បីរើសអេតចាយ ដូចជា សំបកដបជ័រ សំបកកំប៉ុងស្រាបៀរ ជាដើម ដែលគេបោះចោលនៅតាមចិញ្ចើមផ្លូវ យកទៅលក់ បានថវិកាបនិ្តចបន្តួច សម្រាប់ទិញម្ហូបអាហារផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ខណ:រស់យ៉ាងត្រដាបត្រដួសគួរឱ្យអាណិតពន់ពេក។ តែដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្តប៉ៃលិន ទើបនៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានសម្រេចចិត្តទិញម៉ូតូអគ្គិសនីថ្មីសន្លាង១គ្រឿង យកទៅប្រគល់ជូនតែម្តង។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ បន្ទាប់ពីលោកជំទាវ អភិបាលខេត្តប៉ៃលិន និងក្រុមការងារបានធ្វើដំណើរទៅពិនិត្យមើលសកម្មភាពផ្សេងៗ នៅតាមបន្ទាត់ព្រំដែន លុះក្រឡេកឃើញបុរសម្នាក់ ឈ្មោះ ទូច វណ្ណា ពិការជើងទាំងសងខាង កំពុងយកដៃរុញរទេះយ៉ាងយឺតៗ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ដើម្បីរើសអេតចាយយកទៅលក់ បានប្រាក់ទិញម្ហូបអាហារ ក៏ចុះសួរសុខទុក្ខពីជីវភាពប្រចាំថ្ងៃ។ ប្រភពបន្តទៀតថា លុះបុរសពិការខាងលើរៀបរាប់ពីបញ្ហាប្រឈម ក្នុងការប្រើដៃរុញរទេះរើសអេតចាយឡើងចុះទួល មានការលំបាកខ្លាំង ក៏សម្រេចចិត្តទុញម៉ូតូអគ្គិសនី១គ្រឿង ដែលមានការចូលរួមឧបត្ថម្ភពីលោក សេង គឹមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិនផងដែរ។
ប្រភពបញ្ជាក់ថា គ្រាន់តែក្រឡេកឃើញម៉ូតូអគ្គិសនីដ៏ថ្មីសន្លាង១គ្រឿងនេះ យកទៅដល់ក្បែរខ្លួ នភ្លាម បុរសពិការខាងលើត្រេកអរពន់ពេកស្ទើរស្រក់ទឹកភ្នែក ហើយក៏លើកដៃសំពះថ្លែងអំណរគុណដល់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនទាំងអួលដើមក. ហើយក៏ជូនពរឱ្យលោកជំទាវ និងក្រុមការងារ មានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ក្នុងការបំពេញភារកិច្ចការងារឱ្យទទួលជោ គជ័យផងដែរ។
សូមបញ្ជាក់ថា ៖ បុរសពិការខាងលើ បានសុំដីផ្ទះគេស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយគាត់បានទទួលរងគ្រោះថ្នាក់ធ្លាក់ពីលើរថយន្ត ពេលខ្លួនស៊ីឈ្នួលជាកម្មករបេះផ្លែមៀនប៉ៃលិន ហៅតាង៉ែនឱ្យថៅកែម្នាក់ កាលពីយូរឆ្នាំមកហើយ។ លុះប្រ ពន្ធកូនឃើញពីសភាពពិការបែបនេះ លំបាករស់នៅជាមួយ ក៏នាំគ្នារត់ចោលទុកឱ្យគាត់រស់នៅតែល តោលម្នាក់ឯង ដោយប្រពន្ធទៅយកប្តីថ្មីនៅខេត្តផ្សេង ធ្វើឱ្យគាត់ឈឺចាប់ខ្លោចផ្សាក្នុងចិត្តក្រៃលែង ហើយបុរសខាងលើធ្លាប់ឱ្យភ្នាក់ងារសារព័ត៌មានដឹងថា រូបគាត់ពិតជានឹករលឹកដល់ប្រពន្ធកូនខ្លាំងណាស់ចង់ជួបមុខពួកគេជាលើកចុងក្រោយ បើទោះបីជាមិនបានរួមរស់នៅជាមួយរហូតដល់អស់ជីវិតរៀងខ្លួនក៏ដោយ។ តែរហូតមកដល់ពេលនេះ មិនធ្លាប់ឃើញប្រពន្ធ ឬកូនស្រីទោលរបស់ខ្លួនមកសួរសុខទុក្ខម្តងណានោះឡើយ៕ ដោយ ៖ នីយ៉ា