កំពង់ធំ៖លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភានិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយសមិទ្ធផលទាំងឡាយដែលឃុំសម្រេចបានគឺដោយសារកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងសហការល្អ រក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។
លោកជំទាវ ឃួន ឃុនឌី បានថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំខែជាមួយអាជ្ញាធរមូលដ្ឋានទាំង១១ឃុំនៅក្នុងស្រុកកំពង់ស្វាយថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២២។
លោកជំទាវបានណែនាំឱ្យសូមមន្ត្រីជំនាញគ្រប់រូបត្រូវពិនិត្យរាល់ការងារក្នុងមូលដ្ឋានទាំងអស់កុំទុកយូររាល់ការងារអ្វីណាមួយដែលមិនអាចដោះចេញនោះសូមរាយការណ៍បន្ទាន់ឬបញ្ជូនមកថ្នាក់លើ ហើយយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងរួមគ្នាទប់ស្កាត់ប្រឆាំងដាច់ខាតសកម្មភាពនានា អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរក្នុងការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំឱ្យមានសុវត្ថិភាព និងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោកជំទាវបានឲ្យអាជ្ញាធរមូលដ្ឋានត្រូវធ្វើផែនការដែលរកបាននូវចំណុចខ្វះខាតជាចំណុចអទិភាពដើម្បីធ្វើការដោះស្រាយនិងរាយការណ៍ជូនថ្នាក់លើ ហើយសមាជិកទាំងអស់ត្រូវមានការសាមគ្គីភាព ដើម្បីធានារក្សាបាននូវភាពសុខដុមរមនារក្សាប្រក្រតីភាពនៃជីវភាពសង្គមសេដ្ឋកិច្ចប្រជាជនជួយឧបត្ថម្ភគាំទ្រដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើងថែមទៀតហើយក្រុមការងារទាំងអស់ត្រូវខិតខំផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសមទ្ធិផលថ្មីៗជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដោយមានភាពជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះដែរលោកជំទាវបានលើកឡើងាថានៅថ្ងៃខាងមុខនេះការប្រកាសឲ្យចូលកាន់តំណែងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងប្រទេស ដូច្នេះសូមឲ្យក្រុមប្រឹក្សាចូលកាន់តំណែងថ្មីត្រូវបន្តខិតខំបម្រើប្រជាពលរដ្ឋនិងខិតខំធ្វើអំពើល្អដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្តពីម្ចាស់ឆ្នោត ។