ត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២នេះ ដែលជាថ្ងៃរំឭកខួប៤៥ឆ្នាំ នៃទិវាចងចាំដំណើរទៅរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០មិថុនា១៩៧៧-២០មិថុនា ២០២២) ។ មុនពេលនៃពិធីប្រារព្ធខួបអបអរសាទរខួបលើកទី៤៥ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំសំខាន់ៗ បានអញ្ជើញធ្វើដំណើរឆ្លងកាត់ពីទឹកដីកម្ពុជានៅខេត្តត្បូងឃ្មុំទៅកាន់ទឹកដីនៃប្រទេសវៀតណាម ដើម្បីរំលឹកអនុស្សាវរីយ៍ដ៏ជូរចត់កាលពី៤៥ ឆ្នាំមុន ក៏ដូចជាបានជួបជាមួយនឹងបងប្អូនប្រជាជនវៀតណាមដែលកន្លងមកធ្លាប់មានអនុស្សាវរីយ៏ជាមួយសម្ដេច ក្នុងកាលៈទេសៈដែលសម្ដេចត្រូវយកជីវិតធ្វើជាដើមទុន ដើម្បីកៀងគរកងទ័ពមករំដោះប្រជាជនកម្ពុជាក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។
នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោបានរំលឹកអំពីអនុស្សាវរីយ៍របស់សម្ដេចក្នុងការធ្វើដំណើរឆ្លងកាត់ពីទឹកដីកម្ពុជាមកដល់ប្រទេសវៀតណាមនេះ ដើម្បីគៀងគរកម្លាំងក្នុងការរំដោះប្រជាជនពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបប ប៉ុល ពត។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំឭកអនុស្សាវរីយ៍ ថា បាយ មួយ ពេល ដែលប្រជាជនវៀតណាមបានផ្តល់ជូនសម្តេច និង សមមិត្ត ដ៏ ស្មោះស្ម័គ្រ ចំនួន ៤រូប ផ្សេង ទៀត កាល ពី ៤៥ឆ្នាំមុន ប្រៀបបានដូចជាអង្កររាប់លានតោននាពេលសព្វថ្ងៃនេះ ខណៈ បាយ មួយ ពេល នោះ ពិត ជាមានគុណបំណាច់ដ៏ធំធេងដល់សម្តេចក៏ដូចជាប្រជាជនកម្ពុជាទាំងមូលផងដែរ។ សម្ដេចតេជោបានមានប្រសាសន៍ថា សម្តេច និងយុទ្ធមិត្តចំនួនបួនរូបទៀត នា ពេល នោះ គឺ ពិត ជាមានការប្រថុយប្រថាន និងសង្ឃឹម មាន ជីវិតតិចតួចណាស់ ខណៈ ដំណើរ ដ៏ គ្រោះថ្នាក់ នោះ គឺ មានគោលបំណងចង់បានកម្លាំងរបស់ប្រទេសវៀតណាម មក សង្រ្គោះ កម្ពុជា ឲ្យ រួច ផុត ពី កណ្តាប់ដៃពិឃាត ដ៏ឃោឃៅរបស់ ប៉ុល ពតនោះ។
សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នទីតាំងកោះថ្ម «X16» ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំនេះ គឺជាកន្លែងប្រវត្តិសាស្រ្តដ៏ជូរចត់បំផុត ហើយ តំបន់ នេះ បាន សាងសង់នូវសំណង់មួយចំនួនរួចរាល់ហើយដូចជា សាលាដំណាក់, វេទិកាប្រារព្ធពិធី ,ស្រះទឹក, បន្ទប់អនាម័យ, ទីលានបាល់ទាត់, ប្រព័ន្ធរំដោះទឹក ចាក់ដីបំពេញ, បំពាក់ អំពូល អគ្គិសនី បំភ្លឺ ជា ដើម។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បាន ប្រកាស ពី គោល បំណង បើក ច្រក ព្រំដែន កម្ពុជា-វៀតណាម នៅតំបន់កោះថ្ម ដើម្បីសម្រួលដល់ការធ្វើដំណើរ និង ផ្លាស់ ប្តូរ ពាណិជ្ជ កម្ម រវាង ប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ សម្ដេចតេជោបានមានប្រសាសន៍បន្តថា រយៈពេល៤៥ឆ្នាំ បានកន្លងផុត ជាមួយ នឹង កិច្ច ការ ជា ច្រើន បាន វិវឌ្ឍន៍ រវាង ប្រទេសទាំងពីរ ដោយចំណងមិត្តភាពកាន់តែស៊ីជម្រៅ និងបានធ្វើកិច្ចការ ជា ច្រើន ដែល ជា ផល ប្រយោជន៍កម្ពុជា-វៀតណាម ។ សម្ដេចតេជោ បានបន្តទៀតថា ហេដ្ឋារចនាសម្ព័ន្ធ ដែលបានតភ្ជាប់នៅតំបន់កោះថ្ម ក៏ត្រូវបានអភិវឌ្ឍន៍ ហើយ សម្ដេច និងនាយករដ្ឋមន្ត្រីវៀតណាម នៅថ្ងៃក្រោយ ក្នុងពេលវេលាសមស្រប អាច នឹង បើក ច្រក នេះ ទៅជាច្រកអន្តរជាតិមួយ ។ ការបើកច្រកទ្វារអន្តរជាតិនេះ ត្រូវបំពេញ ការងារ មួយ ចំនួន ទាក់ទិននឹងការកសាងហេដ្ឋរចនាសម្ព័ន្ធ ការបំពេញនីតិវិធីផ្ទៃក្នុង ដើម្បីឈាន ទៅ សម្រេច បើក ច្រក ព្រំដែន ដែលជាច្រកច្រកព្រំដែនអន្តរជាតិមួយ ដែលនឹងធ្វើ ឲ្យ ប្រទេស ទាំង ពីរ មានទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយនឹងច្រកពាណិជ្ជកម្ម ដែល ប្រទេស ទាំង ពីរ កំពុង មាន ការ រីកចម្រើនយ៉ាងខ្លាំង ។ សម្ដេចតេជោក៏បានអរគុណដល់រាជរដ្ឋាភិបាលវៀតណាមដែលបានសហការក្នុងកិច្ចការងារនេះអរគុណដល់បងប្អូនប្រជាពលរដ្ឋវៀតណាមសម្រាប់អនុស្សាវរីយ៍នៅពេលកន្លងមក។ បន្ទាប់មកសម្ដេចតេជោ និងឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមនក៏បានអញ្ជើញធ្វើដំណើរមកប្រារព្ធពិធីអបអរសាទរខួប៤៥ឆ្នាំនៃ ទិវាចងចាំដំណើរឆ្ពោះទៅរកការរំដោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងសម្ពោធសមិទ្ធផលផ្សេងៗជាច្រើនទៀត៕