(ក្រចេះ) ការលើកឡើងដូចនេះខណៈ ឯកឧត្តមអញ្ជើញ បើកយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តក្រចេះ កាលពីថ្ងៃទី១៨ ខែមិថុនា ២០២២ ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត និងអង្គការអភិរក្សអន្តរជាតិ (CI) គម្រោងព្រៃឡង់បៃតង អង្គការ WWF អង្គការ WCS អង្គការ WEA អង្គការ NatureLife និងអង្គការ RECOFTC ក្នុងការបញ្ឈប់ការដាក់អន្ទាក់គ្រប់ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដើម្បីអភិរក្សសត្វព្រៃអោយនៅគង់វង្ស និងមានចំនួនច្រើនឡើងវិញ។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា សព្វថ្ងៃអន្ទាក់បានកំពុងគំរាមកំហែង ជីវិតសត្វស្ទើរគ្រប់ប្រភេទ នៅក្នុងតំបន់ការពាររួមមានទាំងបក្សី សត្វជើងពីរ ជើងបួន វាជាការចាំបាច់ត្រូវរៀបចំនូវវិធានការពហុវិស័យ ដែលនឹងអាចជាចលករជំរុញការផ្លាស់ប្តូរ ដើម្បីបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់ នៅទូទាំងប្រទេសកម្ពុជា ។
ឯកឧត្តមបន្ដ ថា ការដាក់អន្ទាក់ បាននាំឱ្យសត្វភាគច្រើនត្រូវងាប់នៅនឹងកន្លែង ដោយសារគ្មានចំណី ខ្សោះជាតិទឹក និងសុខភាពខ្សោយជាដើម បើទោះបីសត្វទាំងនោះ មានសំណាងរួចខ្លួនក្រោយជាប់អន្ទាក់ក៏ដោយ ប៉ុន្តែរបួសដែលបង្កដោយអន្ទាក់នោះ អាចធ្វើឱ្យសត្វទាំងនោះត្រូវពិការ ឬរបួសរ៉ាំរ៉ៃ រហូតត្រូវបាត់បង់ជីវិតវិញក៏មាន។ ហេតុនេះហើយទើបអន្ទាក់បានក្លាយជាឃាតកលាក់មុខនៅតាមព្រៃ រង់ចាំសម្លាប់សត្វតូច-ធំ មិនរើសមុខ ហើយវាក៏បានក្លាយជាក្តីបារម្ភសម្រាប់អ្នកការពារ និងអភិរក្សសត្វព្រៃនៅកម្ពុជា និងក្នុងពិភពលោកផងដែរ។
ឯកឧត្តម នេត្រ ភក្ត្រា បន្តថា ៖ ការបញ្ចប់វិបត្តិអន្ទាក់ និងជួញដូរសត្វព្រៃខុសច្បាប់ ត្រូវតែផ្តើមចេញពីសកម្មភាពនៃការចូលរួមរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងការអនុវត្តច្បាប់អោយបានតឹងរឹងពីអាជ្ញាធរមូលដ្ឋាន ដោយរាប់ចាប់ពីប្រជាពលរដ្ឋក្នុងភូមិ ដល់អ្នកផ្តល់សេវាដឹកជញ្ជូន អ្នកលក់ដូរ ម្ហូបអាហារ នៅទីផ្សារក្នុងក្រុង និងទីប្រជុំជន រហូតដល់ម្ចាស់ ភោជនីយដ្ឋាន និងអតិថិជន ការចូលរួមរបស់ប្រជាពលរដ្ឋសហគមន៍ គឺដើរតួយ៉ាងសំខាន់ក្នុងការផ្តល់សុវត្ថិភាព ដល់ ការរស់រាននៃសត្វព្រៃគ្រប់ប្រភេទ ក្នុងទីជម្រកព្រៃធម្មជាតិ និងក្នុងការចូលរួមបញ្ឈប់ការប្រើប្រាស់ និងការដាក់អន្ទាក់ ក្នុងដែនជម្រកធម្មជាតិសម្រាប់សត្វព្រៃ ។ ក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបញ្ឈប់ការទទួលទាន សាច់សត្វព្រៃ ឬ ជាវផលិតផលពីសត្វព្រៃដទៃទៀតជាដាច់ខាត៕SKS