សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នាំយកអំណោយមនុស្សធម៌ជូនក្រុមគ្រួសារសពក្មេងលង់ទឹកស្លាប់នៅស្រុកស្អាង ខេត្តកណ្តាល

ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានចូលរួមរំលែកទុក្ខ និងនាំយកអំណោយប្រគល់ជូនប្រជាពលរដ្ឋចំនួនពីរគ្រួសារ ដែលមានកូនស្រីចំនួន០២នាក់ បានស្លាប់ដោយសារលង់ទឹកប្រឡាយព្រែកធំ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។

ក្នុងឱកាសដ៏ក្រៀមក្រំ និងពោរពេញដោយសេចក្តីសោកស្តាយនេះ ឯកឧត្តមសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្តីសោកស្តាយ ពីសំណាក់សម្តេចទាំងទ្វេ មានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះបងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ជាពិសេសបងប្អូនទាំងពីរគ្រួសារ នេះដែលបាត់បង់កូនស្រីជាទីស្រលាញ់នាពេលនេះ ដែលជានិច្ចកាល សម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយមិនប្រកាន់វណ្ណៈបក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាកានយោបាយឡើយ។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋយើង យកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព ជាពិសេសការពារឱ្យបានពីការឆ្លងមេរោគកូវីដ-១៩ ដោយអនុវត្តឱ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវពាក់ម៉ាស់ លាងដៃនឹងអាលកុល ឬជែល រក្សាគម្លាតសុវត្ថិភាព យ៉ាងហោច១ម៉ែត្រ ទៅ ១.៥០ម៉ែត្រ ពីគ្នានៅពេលប្រាស្រ័យទាក់ទងគ្នា។

អំណោយដែលប្រគល់ជូនដល់ក្រុមគ្រួសារនៃសព ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម មី២កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ត្រីខកំប៉ុង២យួរ ទឹកផ្លែឈើ២កេស អាល់កុល១ដប ម៉ាស១ប្រអប់ និងថវិកា១លានរៀល។

ដោយមើលឃើញពីទុក្ខលំបាករបស់ពួកគាត់ ឯកឧត្តមបានណែនាំដល់អនុសាខាកាកបាទក្រហមស្រុក ជួយសម្របសម្រួលដោះស្រាយជួសជុលផ្ទះជូនពួកគាត់ឡើងវិញឲ្យបានសមរម្យផងដែរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *