អភិបាលខេត្តកំពង់ស្ពឺថ្លែងថាម្លប់សន្តិភាពបានផ្តល់ឱកាសឱ្យកូនក្មួយមានការងារធ្វើនិងគេចពីភាពក្រីក្រ

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺបានថ្លែងថា ប្រទេសជាតិមានសុខសន្តិភាព ទើបបានផ្តល់ឱកាសឱ្យកូនក្មួយមានការងារធ្វើនិងបានគេចផុតពីភាពក្រីក្រ។ថ្លែងដូច្នេះធ្វើឡើងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ខណៈដែលលោកបានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង១០០នាក់នៃរោងចក្រស៊ីគ្លូស្ថិតក្នុងសង្កាត់-ក្រុងច្បារមន ក្នុងទិវាពលកម្មខួបទី១៣៦។

លោក វ៉ី សំណាង បានលើកឡើងថា ប្រទេសកម្ពុជាបានឆ្លងកាត់របបជាច្រើននារយៈកាលកន្លងមក ដោយក្នុងរបបនិមួយៗបានធ្វើឱ្យប្រជាជនកម្ពុជាជួបតែភាពឈឺចាប់និងនិរាស្ត្រព្រាត់ព្រាស់។ជាក់ស្តែងក្រោមរបបលន់ណុលប្រទេសបានរងនូវបំផ្លិចបំផ្លាញដោយការទម្លាក់គ្រាប់បែករាប់លានតោន ក្រោយមកនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយប៉ុល ពត ប្រជាពលរដ្ឋកម្ពុជាជួបតែទឹកភ្នែកនិងភាពនិរាស្ត្រព្រាត់ប្រាស់ដោយការកាប់សម្លាប់និងធ្វើការលើសទម្ងន់ហើយទទួលមកវិញត្រឹមបបរមួយវែក។

អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានលើកឡើងបន្ថែមថា ក្រោមគំនិតដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានរំដោះប្រទេសចេញពីរបបខ្មៅងងឹត ហើយជំនួសមកវិញនូវសុខសន្តិភាពជូនប្រជាពលរដ្ឋពាសពេញផ្ទៃប្រទេសនិងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ទន្ទឹមនិងនេះខេត្តកំពង់ស្ពឺដែលជាខេត្តដែលតែងតែរងការរិះគន់ថាជាខេត្ត(ប៊ុមប៊ឺ រលាក់កងជើង)និងមើលងាយថាជាខេត្តក្រខ្សត់ មានប្រជាពលរដ្ឋខ្ជិលច្រអូស បានក្លាយជាខេត្តដែលមានសក្តានុពល មានការអភិវឌ្ឍន៍យ៉ាងលឿននិងស៊ីវិល័យបំផុត។ហើយមិនតែប៉ុណ្ណោះបានធ្វើឱ្យប្រជាពលរដ្ឋក៏ដូចកូនក្មួយអាចរលាស់ខ្លួនផុតពីភាពក្រីក្រតាមរយៈការរីកដុះដាលនៃរោងចក្រ សហគ្រាស។ហើយបច្ចុប្បន្ននេះនៅក្នុងខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាស សរុបមានចំនួន៣៦៣កន្លែង មានកម្មករ និយោជិតសរុប ១៥៤,៨៣១នាក់(ស្រី ១១៣,៧២៥នាក់) ក្នុងនោះវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងមានចំនួន ១៧០កន្លែង មានកម្មករ និយោជិត សរុប ១៤៤,២៨៣នាក់(ស្រី ១០៩,៧១១នាក់)។ហើយគិតទល់ថ្ងៃនេះមានរោងចក្រ សហគ្រាសបើកថ្មី មានចំនួន៣២ រោងចក្រ ដែលមានកម្មករចំនួន៨,៧០២នាក់ (ស្រី៦,៧១១នាក់)និងវិស័យកាត់ដេរ ស្បែកជើង កាបូប និងផលិតផលិតផលធ្វើដំណើរមានចំនួន២២ រោងចក្រ ដែលមានកម្មករសរុប៧,០៦៩នាក់ (ស្រី៥,១៨៧នាក់)។

លោកបានបញ្ជាក់ផងដែរថាជាមួយនិងវិស័យរោងចក្រ សហគ្រាសនេះដែរបានធ្វើឱ្យថវិកាប្រមាណជាង៤០០លានដុល្លាសហរដ្ឋអាមេរិកបានហូរចូលហោប៉ៅបងប្អូនអ្នកខេត្តកំពង់ស្ពឺជារៀងរាល់ខែតាមរយៈប្រាក់បៀរវត្សបានមកពីការងារនៅតាមរោងចក្រ សហគ្រាស ហើយប្រាក់បៀរវត្សទាំងនេះបានទៅកែប្រែជីវភាពរស់នៅរបស់បងប្អូន កូនក្មួយឱ្យបានសមរម្យ។ដូច្នេះមានតែចូលរួមថែរក្សាម្លប់នៃសន្តិភាពឱ្យបានគង់វង្សតែមួយគត់ ទើបធ្វើឱ្យយើងទាំងអស់គ្នាអាចគេចពីភាក្រីក្រ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *