បន្ទាយមានជ័យ៖ បើកឲ្យប្រជាពលរដ្ឋដែលមានលិខិតឆ្លងដែន (Passport)ឬ ប័ណ្ណព្រំដែន (Border Pass) បានចាក់វ៉ាក់សាំងការពារកូវីដ.19ដូសទី2និងទី៣ដែលអាចចេញ.ចូលចាប់ពីថ្ងៃទី 01 ខែឧសភា ឆ្នាំ2022តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានហើយ ដោយផ្ទាប់នូវលក្ខណមួយចំនួន។
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ការបើកអោយប្រជាពលរដ្ឋចេញ.ចូលជំហ៊ានដំបូងការបើកច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលរាជរដ្ឋាភិបាលកម្ពុជា.ថៃបើកឲ្យប្រជាពលរដ្ឋចេញ.ចូលតម្រូវឲ្យប្រជាពលរដ្ឋមាន លិខិតឆ្លងដែន(Passport) ឬ ប័ណ្ណព្រំដែន និងភ្ជាប់កាតចាក់វ៉ាក់សាំងការពារកូវីដ.19 ដូសមូលដ្ឋានឡើងទៅ។
លោកបានបញ្ជាក់ថា៖ សំរាប់ឆ្លងដែនតាមរយៈប័ណ្ណព្រំដែន តម្រូវឲ្យពួកគាត់មាន កាតចាក់វ៉ាក់សាំងការពារកូវីដ.19 ដូសមូលដ្ឋានដូសទី1និងទី២ តែបើសិនដល់ពេលវេលាត្រូវចាក់ដូសទី3ឬដូសទី4ហើយ ប្រជាពលរដ្ឋមិនទាន់ចាក់នោះ ក៏ឆ្លងដែនមិនបានដូចគ្នា។ បើឆ្លងដែនតាមរយៈលិខិតឆ្លងដែន(Passport) តម្រូវឲ្យទិញលិខិតធានារ៉ាប់រងជំងឺកូវីត-19ពីភាគីថៃ រួមនិងលិខិតThailand Passដែលចេញដោយភាគីថៃ និងតម្រូវឲ្យមានកាតចាក់វ៉ាក់សាំងការពារកូវីដ.19 ដូសមូលដ្ឋាន ឡើងទៅ តែបើសិនដល់ពេលវេលាត្រូវចាក់ដូសទី3ឬដូសទី4ហើយ ប្រជាពលរដ្ឋមិនទាន់ចាក់នោះ ក៏ឆ្លងដែនមិនបានដូចគ្នា។
លោកបានបញ្ជាក់បន្ថែមថា៖ចំពោះបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ប័ណ្ណព្រំដែន(Border Bass)បើផុតកំណត់ត្រូវទំនាក់រដ្ឋបាលក្រុងប៉ោយប៉ែតរឺច្រកចេញ.ចូលសាលាខេត្តបន្ទាយមានជ័យហើយ គ្រោងដាក់ធ្វើប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតដើម្បីងាយស្រួលក្នុងការចេញ.ចូលលក់ដូរផ្សាររុងក្លឿប្រទេសថៃ។
នៅពេលបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ប្រជាពលរដ្ឋមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ និងសុំសំណូមពរឲ្យសមត្ថកិច្ចអាជ្ញាធរជួយសម្របសម្រួលឲ្យកម្មករ អាជីវករចេញព្រឹក.ចូលល្ងាចតាមរយៈសំបុត្រដូចមុនផ្ទុះជំងឺកូវីដ-19ដើម្បីរកស៊ីទទួលទានជាប្រចាំថ្ងៃជាធម្មតាវិញ។ដោយ៖សៅ នៅ