ឯកឧត្ដម នាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិនជួប សំណេះសំណាលជាមួយ សាសនិកឥស្លាម ក្នុងឱកាស ស្រាយបួសខែរ៉ាម៉ាដន

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម ឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន,  ឯកឧត្ដម សៅ សារ៉ាត់ តំណាងរាស្រ្តមណ្ឌលប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន  បានអញ្ជើញជួបសំណេះសំណាល ស្រាយបួស ខែរ៉ាម៉ាដន ជាមួយបងប្អូនខ្មែរឥស្លាម សមាជិកក្រុម ប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធាន មន្ទីរអង្គភាព អភិបាល អភិបាលរងក្រុង-ស្រុក និងបងប្អូនខ្មែរឥស្លាម ទូទាំងខេត្ត នៅវិហារ ហាយ៉ាទុល ឥស្លាម ស្ថិតក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន  ខេត្តប៉ៃលិន។

ថ្លែងក្នុងពិធីនេះ ឯកឧត្ដម  អ៊ី ឈាន  បាននាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេច តែងតែយកចិត្តទុកដាក់ពីជីវភាព សុខុមាលភាពគ្រប់កាលៈទេសៈ ដោយមិនបណ្តោយឱ្យបងប្អូនណាម្នាក់ស្លាប់ដោយសារដាច់ស្បៀងអាហារ ដោយសម្តេចមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។

ឯកឧត្តមបន្តមានប្រសាសន៍ថា  ពិធីសំណេះសំណាលនាពេលនេះ ធ្វើឡើងដើម្បីបង្កើនភាព ស្និទ្ធស្នាល រវាងថ្នាក់ដឹកនាំ ជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយមិនមានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរឡើយ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើង មានការអភិវឌ្ឍ ជាបន្តបន្ទាប់ក្នុងល្បឿន គួរអោយមោទនភាពបំផុត។ ដោយឡែកទឹកដីខេត្តប៉ៃលិន ក៏មានឱកាសដ៏ល្អប្រពៃពីសន្តិភាព ស្ថិរភាពនយោបាយ ដោយបានទទួលនូវសមិទ្ធផលធំៗ ជាបន្តបន្ទាប់។ ចំពោះហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ត្រូវបានកសាង និងកែលម្អ ជាបន្តបន្ទាប់ រួមមានផ្លូវក្នុងទីរួមខេត្ត និងផ្លូវជនបទ សួនច្បារ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព អគាររដ្ឋបាល សោភណ្ឌភាព ទីប្រជុំជន ក្នុងក្រុងប៉ៃលិន ព្រមទាំងរមណីយដ្ឋានប្រវត្តិសាស្ត្រ និងរមណីយដ្ឋានធម្មជាតិនានា សំដៅប្រែក្លាយទឹកដីខេត្តប៉ៃលិន ជាទឹកដីនៃការទាក់ទាញភ្ញៀវទេសចរណ៍ ប្រកបដោយ ភាពស្រស់បំព្រង និងផាសុកភាព។

ហេតុដូចនេះ ដើម្បីបន្តនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលកម្ពុជាទទួលបាន នាពេលកន្លងមក ឯកឧត្តមក៏សំណូមជូនពរដល់បងប្អូនបន្តផ្សព្វផ្សាយដល់សមាជិក ក្នុងគ្រួសារ សហគមន៍ ដែលគ្រប់អាយុបោះឆ្នោត ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។ ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្ដម  បាននាំមកនូវស្បៀងអាហារមួយចំនួន សម្រាប់ផ្តល់ជូនក្នុងមួយគ្រួសារៗ អង្ករ មី ទឹកដោះគោ ទឹកក្រូចដប ដំណាប់លម៉ើ និងថវិកាមួយចំនួន ដោយបានជូនពរដល់បងប្អូនសាសនិកខ្មែរឥស្លាមទូទាំងខេត្ត សូមជួបប្រទះតែសេចក្តីមេត្តា ករុណា សេចក្តីសុខសន្តិភាព សេចក្តីចម្រុងចម្រើន និងសុខដមរម្យនា ពីព្រះអាឡោះជានិច្ចនិរន្តររហូតតរៀងទៅ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *