កំពង់ធំ÷នៅ រសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្តកំពង់ធំ ( គ.ស.អ) អញ្ជើញដឹកនាំកិច្ចប្រជុំណែនាំស្តីពីកិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។
ឯកឧត្តម ងួន រតនៈ បង្ហាញពីគោលបំណងនៃកិច្ចប្រជុំថ្ងៃនេះគឺ ដើម្បីផ្សព្វផ្សាយផែនការ ការពារការបោះឆ្នោតរបស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្រាប់ការបោះឆ្នោតខេត្តកំពង់ធំ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ ស្ថិតក្នុងការធានាបាននូវបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា ជូនភាគីចូលរួមការបោះឆ្នោតនៅទូទាំងខេត្ត។ មានការជឿទុកចិត្ត តំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ក្នុងគោលបំណងដើម្បីឲ្យអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ជាពិសេសគណៈកម្មការជាតិរៀបចំការបោះឆ្នោតខេត្ត/ឃុំ/សង្កាត់ អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ ឱ្យបានជ្រួតជ្រាបយល់ដឹងទាំងអស់គ្នា អំពីផែនការការពារក៏ដូចជាការអនុវត្តការបោះឆ្នោតនៅពេលខាងមុខ ប្រព្រឹត្តទៅនៅថ្ងៃទី០៥ខែមិថុនា ឆ្នាំ២០២២។
ឯកឧត្តមក៏បានលើកឡើងដើម្បីធ្វើការផ្សព្វផ្សាយនេះឱ្យបានគ្រប់ទីកន្លែងទាំងអស់លើកឡើងពីបញ្ហាសំណូមពរផ្សេងៗដើម្បីធានាយ៉ាងណាឲ្យក្នុងខេត្តកំពង់ធំយើង ធានាបាននូវការបោះឆ្នោតប្រកបដោយភាពរលូន ត្រូវមានការប្រុងប្រយ័ត្នទាំងអស់គ្នា ប្រជាពលរដ្ឋទៅបោះឆ្នោតមិនមានការភ័យខ្លាច។ ដើម្បីឆ្លើយតបដោយរលូនតាមការគ្រោងទុកតាមការចង់បានរបស់គណៈកម្មការរៀបចំការបោះឆ្នោត សំណូមពរដល់សមាជិកអស់ធ្វើម៉េចបង្កើននូវភាពសហការគ្នាបានល្អ។