តំណាងរាស្ត្រខេត្តកំពង់ស្ពឺផ្តល់អាគារសិក្សាមួយខ្នង៣បន្ទប់ដល់បឋមសិក្សានិងអនុវិទ្យាល័យពីងពង់ ខណៈអ្នកគ្រប់គ្រងយកបណ្ណាល័យឱ្យសិស្សរៀន

កំពង់ស្ពឺ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺបានសម្រេចផ្តល់អគារសិក្សាមួយខ្នងមានបីបន្ទប់ដល់សាលាបឋមសិក្សានិងអនុវិទ្យាល័យពីងពង់ស្ថិតក្នុងឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្រោយអ្នកគ្រប់គ្រងសាលានេះបានយកបណ្ណាល័យឱ្យសិស្សរៀន។ការសម្រេចផ្តល់នេះបានធ្វើឡើងក្នុងពិធីដាក់សម្ពោធឱ្យប្រើប្រាស់អគារបណ្ណាល័យនាវាយុវជនអាស៊ីអាគ្នេយ៍នាថ្ងៃទី២៦ខែមេសាឆ្នាំ២០២២ក្នុងសាលាបឋមសិក្សានិងអនុវិទ្យាល័យពីងពង់ស្ថិតក្នុងឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថាអគារបណ្ណាល័យនាវាយុវជនអាស៊ីអាគ្នេយ៍បានកសាងក្រោមការចូលរួមពីសប្បុរសជនក្នុងស្រុកដែលចំណាយថវិកាអស់ប្រមាណជាង៣ម៉ឺនដុល្លា មានទំហំ៨.៥ម៉ែត្រគុណនិង១៦ម៉ែត្រ។អាគារបណ្ណាល័យនេះដែរសង់ឡើងក្នុងគោលបំណងផ្ទុកសៀវភៅឯកសារនានាដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូបានសិក្សាស្រាវជ្រាវបន្ថែមនិងចងក្រងឯកសារថ្មីៗសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយបានសិក្សារៀនសូត្របន្ត។ប៉ុន្តែដោយអគារសិក្សាមួយខ្នងនៃសាលាបឋមសិក្សានិងអនុវិទ្យាល័យពីងពង់មានភាពទ្រុឌទ្រោមដោយវ័យចំណាស់ សិស្សមិនអាចរៀនបាន អ្នកគ្រប់គ្រងសាលាក៏បានយកបណ្ណាល័យដែលសាងសង់រួចរាល់នេះឱ្យទៅសិស្សានុសិស្សរៀនបណ្តោះអាសន្នដោយក្នុងនោះបណ្ណាល័យត្រូវបានចែកជា២បន្ទប់២ថ្នាក់។

ថ្លែងលើកឡើងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់បណ្ណាល័យនាវាយុវជនអាស៊ីអាគ្នេយ៍លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺបានសម្តែងការពេញចិត្តចំពោះសមិទ្ធិផលថ្មីដែលបង្ហាញពីការអភិវឌ្ឍន៍វិស័យអប់រំក្នុងខេត្តកំពង់ស្ពឺ។បច្ចុប្បន្នកូនក្មួយមានសំណាងបានកាន់ប៊ិច កាន់សៀវភៅដើរចូលសាលា មិនចាំបាច់ពិបាកក្នុងការសាងសង់អាគារដោយខ្លួនឯងដូចកាលពីអ៊ុពូមីងនៅជាសិស្សដូចប្អូនៗ ក្មួយៗ ។ក្មួយៗមានសំណាងដែលទទួលបានអាគារសិក្សាថ្មី និងបណ្ណាល័យដើម្បីសិក្សារៀនសូត្រ និងស្វ័យសិក្សា។ពេលនេះបណ្ណាល័យត្រូវបានដាក់ឱ្យកូនក្មួយរៀនបណ្តោះអាសន្នរងចាំសាលាសាងសង់រួចរាល់ នោះកូនក្មួយនិងវិលទៅសិក្សានៅសាលាថ្មីវិញ ហើយបណ្តាល័យនិងត្រូវក្លាយជាជង្រុកផ្ទុកឯកសារសម្រាប់កូនក្មួយក៏ដូចលោកគ្រូអ្នកគ្រូអាចសិក្សាស្រាវជ្រាវនូវទ្រឹស្តី ចំណេះជំនាញបន្ថែម ហើយជុំវិញនេះក៏សូមជួយថែរក្សាផងដើម្បីផ្តល់លទ្ធភាពឱ្យកូនក្មួយជំនាន់ក្រោយៗអាចសិក្សារៀនសូត្របន្តបាន។

ជាមួយនោះអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺក៏បានធ្វើការកោតសរសើរដល់ក្រុមការងារដែលខិតខំប្រឹងប្រែងប្រមូលថវិកាដើម្បីសាងសង់បណ្ណាល័យមួយខ្នងនេះឡើង ហើយភាពជោគជ័យទាំងអស់នេះគឺស្ថិតក្រោមបាតដៃនៃម្លប់សុខសន្តិភាព របស់សម្ដេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ផងដែរដោយមើលឃើញពីស្ថានភាពជាក់ស្ដែងនៃអគារចាស់ទ្រុឌទ្រោមមួយខ្នងនៅក្នុងសាលារៀនខាងលើនេះ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺលោកហ៊ុនម៉ានី បានស្នើរឱ្យក្រុមការងារសិក្សាលទ្ធភាពនៅក្នុងការសាងសង់អគារថ្មីមួយខ្នងមានចំនួនបីបន្ទប់ ជំនួសឱ្យអគារដែលចាស់ទ្រុឌទ្រោមដើម្បីផ្តល់ជូនជាកាដូបន្ថែមជូនទៅដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សក៏ដូចជាប្រជាពលរដ្ឋក្នុងឃុំដំណាក់រាំងផងដែរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *