ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកថវិកាសម្ដេចតេជោ រួមទាំងគ្រឿងឧបភោគបរិភោគ ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន៤០នាក់នៅស្រុកស្ទោង ដែលបានបញ្ចប់ធ្វើចត្តាឡីស័កនៅផ្ទះ និងនៅមណ្ឌលចត្តាឡីស័កស្រុក ដែលធ្លាប់បានប៉ះពាល់ផ្ទាល់ និងប្រយោលអ្នកវិជ្ជមានCOVID-19 ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ពេលដែលចេញលទ្ធផលនៃមេរោគCOVID-19 អវិជ្ជមានទាំងអស់ ស្ថិតនៅភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្ត ឯកឧត្តម សុខ លូ បានលើកឡើងថា ខេត្តកំពង់ធំមកដល់ពេលនេះ មិនមានសញ្ញាវិជ្ជមានលើបងប្អូនណាម្នាក់ឆ្លងនូវជំងឺកូវីដ១៩នោះទេ ហើយចំពោះបងប្អូនប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កនៅផ្ទះ និងនៅមណ្ឌលចត្តាឡីស័កស្រុក ពេលទទួលលទ្ធផលនៃមេរោគCOVID-19អវិជ្ជមានទាំងអស់ ហើយបងប្អូនអាចចេញទៅប្រកបរបរទទួលទានតាមធម្មតាវិញបានហើយ ប៉ុន្តែកុំភ្លេចរក្សាអនាម័យ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ឯកឧត្តម បានបន្ថែមទៀតថា សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅជាមួយមិនត្រូវមានការរើសអើងចំពោះបងប្អូនដែលចេញពីមណ្ឌលចត្តាឡីស័កនោះទេ ហើយជាពិសេស សូមអំពាវនាដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានការសង្ស័យ និងបានប៉ះពាល់ផ្ទាល់ ឬប្រយោលត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន និងសូមស្ម័គ្រចិត្តចូលធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងករណីមានការសង្ស័យ សូមបងប្អូនប្រជាពលរដ្ឋមកពិនិត្យសុខភាពនៅមន្ទីរពេទ្យដែលមានមន្ត្រីជំនាញសុខាភិបាលនៅរង់ចាំទទួល។
ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសទាំងអស់សូមអោយជៀសផុតពីជំងឺកូវីដ១៩ ផងដែរ។ ឯកឧត្តម បន្ថែមទៀតថា បច្ចុប្បន្ននេះ វ៉ាក់សាំងកូវីដ១៩ ត្រូវបានគេរកឃើញ ហើយសម្ដេចតេជោនិងទិញវ៉ាក់សាំងរបស់ប្រទេសណា ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកមកចាក់ជូនបងប្អូនប្រជាពរដ្ឋដោយមិនគិតថ្លៃ។ ហើយសម្តេចមិនយកប្រជាពលរដ្ឋកម្ពុជាទៅធ្វើតេស្តវ៉ាក់សាំងរបស់ប្រទេសណាមួយនោះឡើយ។ ឯកឧត្តម បានស្នើដល់អាជ្ញាធរស្រុក និងមន្ដ្រីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្ដយកចិត្តទុកដាក់ពិនិត្យ និងតាមដានជាប្រចាំ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានប៉ះពាស់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍ផ្សេងៗ ដើម្បីឲ្យរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ឱ្យកាន់មានប្រសិទ្ធភាពខ្ពស់។
ចុងក្រោយឯកឧត្តម សុខ លូ បានសំណូមពរបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋាន ចូលរួមការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលរបស់មេរោគcivid-19 គឺមិនត្រូវបន្ធូរដៃឡើយទេ ជាពិសេសត្រូវចូលរួមអនុវត្តការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា (ពាក់ម៉ាស់, លាងដៃ, គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល, កុំទៅកន្លែងមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ១៩ និងនៅតាមកន្លែងលក់ដូរ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្សារទំនើប និងធនាគារ ត្រូវត្រួតពិនិត្យបើគ្មានម៉ាស់មិនឱ្យចូល វ៉ាស់កម្តៅ និងរៀបចំកន្លែងអង្គុយរក្សាគម្លាត តាមបន្ទប់ទឹកត្រូវមានសាប៊ូលាងដៃ។
គួរជម្រាបថា ថវិកាសម្ដេចតេជោ និងគ្រឿងឧបភោគបរិភោគ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កនៅផ្ទះ និងនៅមណ្ឌលចត្តាឡីស័កស្រុក ពេលទទួលលទ្ធផលនៃមេរោគCOVID-19 អវិជ្ជមានទាំងអស់ នាពេលនេះរួមមាន៖ អង្ករ មី ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ថ្នាំពេទ្យ ម៉ាស អាកុល និងថវិកា៥ម៉ឺន ចំពោះអ្នកដែលមានប័ណក្រីក្រទទួលបានថវិកាចំនួន ៣0ម៉ឺនរៀលផងដែរ។