ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនក្រុងបាវិត លោក លឹម សៀងហេង ប្រធានគណបក្សក្រុងបាវិត និងជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់បាវិត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកសមាជិការ គណបក្សប្រជាជនក្នុងសង្កាត់បាវិត ដែលស្ថិតនៅគណៈកម្មាធិការគណបក្សសង្កាត់ គណៈកម្មាធិការសាខាបក្សភូមិ សាខាបក្ស និងអនុសាខាបក្សភូមិ វត្តមានចូលរួមសរុប ១១៨ នាក់ ស្រី ១០ នាក់។
អញ្ជើញចូលរួមជាគណៈអធិបតីរួមមាន ឯ.ឧ ឡឹក ចំរើន ឯ.ឧ ទេព កល្យា ឯ.ឧ តន់ សារ៉ា លោក ជួប វ៉ាន់ឌី និងលោក អ៉ឹម មេសា អនុប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់បាវិត ។
មានប្រសាសន៍ក្នុងពិធីនោះដែរ លោក លឹម សៀងហេងបានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង ជូនដល់សមាជិកសមាជិកាគណបក្សប្រជាជនក្នុងសង្កាត់បាវិត ដែលស្ថិតនៅគណៈកម្មាធិការគណបក្សសង្កាត់ គណៈកម្មាធិការសាខាបក្សភូមិ សាខាបក្ស និងអនុសាខាបក្សភូមិផងដែរ។
លោក លឹម សៀងហេង បានថ្លែងលើកឡើងអំពីប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានវ័យចំណាស់មានគោលនយោបាយ ដឹកនាំត្រឹមត្រូវដោយយកផលប្រយោជន៍ប្រទេសជាត និងប្រជាជនជាចម្បងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូប្រឹងប្រែងធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងការរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ពីគំនរផេះផង់ ពីចំណុចសូន្យរហូតដល់មានអ្វីៗដូចសព្វថ្ងៃនេះ។
លោកបានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោជានាយករដ្ឋមន្ត្រី ក្នុងពេលបច្ចុប្បន្ននេះបានប្រែក្លាយជាប្រទេស ដែលសកលលោកមិនសូវស្គាល់រហូតដល់ជាប្រទេស ដែលសកលលោកបានស្គាល់និងមានការកោតសរសើរថាជាបរទេសដែលមានការអភិវឌ្ឍលឿនឆាប់រហ័ស ក្នុងនោះកម្ពុជាគឺមានការចូលរួមកិច្ចប្រជុំជាមួយបណ្ដាប្រទេសនៅលើសកលលោក ដោយស្មើមុខស្មើមាត់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជាជានិច្ចកាលតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាជននៅគ្រប់ទីកន្លែង និងនៅគ្រប់កាលៈទេសៈដោយមិនប្រកាន់និន្នាកានយោបាយឡើយ។
លោក លឹម សៀងហេង បានថ្លែងអំណរគុណចំពោះសមាជិកបក្សទាំងអស់ដែលបានជឿជាក់ និងផ្ដល់ការទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា និងសូមធ្វើការអំពាវនាវដល់សមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ទោះជាសមាជិកចាស់ឬទើបចូលថ្មីត្រូវរួបរួមសាមគ្គីស្រឡាញ់រាប់អានគ្នា ត្រូវមានមនសិការ ស្រលាញ់ជឿជាក់ និងពង្រឹងនូវភាពរឹងមាំរបស់គណបក្ស និងចូលរួមគោរពនិងអនុវត្តតាមមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាឲ្យបានខ្ជាប់ខ្ជួនកុំជឿ ឬស្ដាប់ការឃោសនារបស់ជនអគតិណាមួយធ្វើឲ្យបែកបាក់សាមគ្គីផ្ទៃក្នុងគណបក្ស។
លោក ក៏បានជំរុញដល់សមាជិកសមាជិកាគណបក្សទាំងអស់ត្រូវអប់រំផ្សព្វផ្សាយអំពីវិធានការការពាររបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយណែនាំដល់ប្រជាពលរដ្ឋឲ្យចេះការពារខ្លួនផ្ដើមចេញពីការធ្វើអនាម័យជាប្រចាំ លាងដៃជាមួយសាប៊ូ អាកុលនិងពាក់ម៉ាសនៅទីប្រជុំជន នៅគម្លាតគ្នាដើម្បីចៀសផុតពីជំងឺកូវីដ-១៩ ដូច្នេះត្រូវតែចូលរួមក្នុងការការពារឲ្យបានខ្លាំងក្លាបន្ថែមទៀតដើម្បីធ្វើយ៉ាងណាកុំឲ្យមូលដ្ឋានរបស់យើងមានជំងឺកូវីដ-១៩ នោះឡើយ ។
ក្នុងពិធីនេះលោក លឹម សៀងហេង បានឧបត្ថម្ភអ្នចូលរួម ក្នុងម្នាក់ៗ ទទួលបានអាវបក្ស១ មួកបក្ស១ និងថវិការ ២ ម៉ឺនរៀល និងឧបត្ថមអាវមួកបក្សចំនួន ៥០០ កំប្លេរ ។