ស្លាប់មនុស្ស២នាក់ និងរបួសធ្ងន់ស្រាល ៣នាក់ នៅស្រុកកំពង់ត្រាច ខេត្តកំពត

(កំពត) មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយ ដែលបង្កឡើងដោយរថយន្តមួយគ្រឿង បានបុករះអ្នកជិះម៉ូតូ ២គ្រឿង ក្នុងទិសដៅស្របគ្នាបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស ស្ថិតនៅតាមបណ្តោយផ្លូវចូលទៅរមណីយដ្ឋានភ្នំកំពង់ត្រាច ស្រុកកំពត់ត្រាច ខេត្តកំពត កាលពីវេលាម៉ោង ៨:២០នាទីព្រឹក ថ្ងៃទី៤ ខែមិនា ឆ្នាំ២០២២នេះ។

ក្នុងករណីនេះ បង្ករឡើងដោយរថយន្តម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK.4413 បើកបរដោយឈ្មោះ សាំង ឃី ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិអង្គោល ឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប មានទិសដៅពីត្បូងទៅជើង ហើយបានបុករះអ្នកជិះម៉ូតូដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របគ្នា។

យោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលហេតុការណ៍គេឃើញមានរថយន្តខាងលើបើកបរពីត្បូងទៅជើងចូលទៅភ្នំកំពង់ត្រាច លុះមកដល់កន្លែងកើតហេតុបានទៅបុកជាមួយម៉ូតូ ១គ្រឿង ម៉ាកហុងដាសេ១២៥ ឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1S.7392 បើកបរដោយឈ្មោះ ភិន ណារ៉ា ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិបឹងធំខាងកើត ឃុំអង្គសុរភី ស្រុកកពង់ត្រាច ខេត្តកំពត (រងរបួសធ្ងន់) អ្នករួមដំណើរមានគ្នាបីនាក់ ឈ្មោះ គូន យ៉ាន ភេទស្រី អាយុ៣៦ឆ្នាំ ត្រូវជាប្រពន្ធ (ស្លាប់នៅកន្លែងកើតហេតុ) ឈ្មោះ គុញ រតនា ភេទប្រុស អាយុ ៥ឆ្នាំ ត្រូវជាកូន និងឈ្មោះ កុញ ជួអៀន ភេទស្រី អាយុ៣ឆ្នាំ ត្រូវជាកូន រស់នៅភូមិឃុំជាមួយគ្នា។

បន្ទាប់ពីបានបុកម៉ូតូមួយគ្រឿងរួចមក អ្នកបើកបររថយន្តខាងលើបានព្យាយាមបើករត់គេច ក៏បណ្តាលឱ្យបុកជាមួយម៉ូតូ ១គ្រឿងទៀត ម៉ាកហុងដាសេ១២៥ ឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1N.1815 បើកបរដោយឈ្មោះ ស៊ាង សារ៉ន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត (ស្លាប់នៅមន្ទីរពេទ្យ) រួចបន្តទៅប៉ះជាមួយរថយន្ត ១គ្រឿងទៀត ម៉ាកកាមរីឆ្លាម ដែលបានចតទុកចោលនៅមុខផ្ទះ បណ្តាលឱ្យខូចខាតចំហៀងខាងឆ្វេងទាំងស្រុង។

ក្នុងករណីនេះរថយន្តបង្កបានខូចខាតកម្រិតធ្ងន់ ១គ្រឿង និងរថយន្តមួយ ១គ្រឿងទៀត ខូចខាតកម្រិតស្រាល។ ចំណែកម៉ូតូ ២គ្រឿងខូចខាតកម្រិតធ្ងន់ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ដើម្បីរង់ចាំការដោះស្រាយតាមច្បាប់។ ចំណែកជនបង្កជាអ្នកបើករថយន្ត ត្រូវបានកម្លាំងជំនាញបានឃាត់ខ្លួននៅនឹងកន្លែងកើតហេតុ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់ផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *